(ភ្នំពេញ)៖ ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកឈរជើងក្នុងទីផ្សារកម្ពុជាអស់រយៈកាល ៤ទសវត្សរ៍មកហើយ កំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការវិនិយោគលើអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់៤៥ជាន់ «ជីប ម៉ុង ថៅវើ»។

អគារកម្ពស់ ១៨៥ ម៉ែត្រនេះ នឹងប្រមូលផ្ដុំទៅដោយពាណិជ្ជកម្មចម្រុះដោយក្នុងនោះនឹងមានវត្តមានសំខាន់ៗដូចជាសណ្ឋាគារលំដាប់ពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បូករួមនឹងពាណិជ្ជកម្មធំពីររបស់ជីប ម៉ុង គឺ ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង។

នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏នឹងមានលក្ខណៈដ៏សម្បូរបែបដូចជា ការិយាល័យទំនើប រោងភាពយន្តខ្នាតធំ និងពាណិជ្ជកម្មផ្សេងៗទៀតដែលនឹងចូលរួមពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគជាតិនិងអន្តរជាតិ ក៏ដូចជាដើម្បីឆ្លើយតបនឹងបរិបទនៃការរស់នៅបែបថ្មីទំនើបទាន់សម័យ តាមរយៈការផ្សារភ្ជាប់ផ្នែកបដិសណ្ឋារកិច្ច ការបំពេញការងារ ការកម្សាន្ត និងបណ្ដុំពាណិជ្ជកម្មនានា ក្រោមដំបូលអគារតែមួយ។

អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ បើកទំព័រឆ្នាំថ្មីដោយសម្រេចការសាងសង់បាន ៦០%ហើយ និងកំពុងត្រៀមខ្លួនបង្ហាញស្ថាបត្យកម្មទំនើបដែលនឹងលាតសន្ធឹងនៅកណ្ដាលតំបន់សេដ្ឋកិច្ចរស់រវើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីឆាប់ៗនេះ៕