(ក្រុងឡុងដ៍)៖ Southampton បានទទួលជ័យជម្នះស្រួលៗទៅលើគូប្រជែង Brentford ក្នុងលទ្ធផល ៤-១ យប់មិញនេះក្នុង Premier League នៅពីមុខលោក Dragan Solak ដែលជាម្ចាស់ថ្មីក្នុងក្លិបខាងលើនេះ។

លោក Solak ជាម្ចាស់ក្រុមហ៊ុន Sport Republic Group មកពីសាធារណរដ្ឋអៀរឡង់បានសម្រេចទិញភាគហ៊ុនចំនួន ៨០ភាគរយក្នុងក្លិប Southampton ពីពាណិជ្ជករជនជាតិចិន គឺលោក Gao Jisheng នាដើមខែមករា ឆ្នាំ២០២២ នេះ និងជាការរកបានជ័យជម្នះដំបូងផងដែរនៅកីឡដ្ឋាន St Mary ដែលមានម្ចាស់ក្លិបថ្មីចូលរួមទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋាន។

៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរបានជួយឲ្យ Southampton ឡើងទៅឈរនៅលេខរៀងទី១១ ជាបណ្តោះអាសន្នវិញ ជាមួយនឹង ២៤ពិន្ទុគិតត្រឹម ២០សប្តាហ៍មកនេះ ដ្បិតគូប្រជែង Brentford ឈរនៅលេខ១៣ ដោយចាញ់ Southampton ១ពិន្ទុប៉ុណ្ណោះ។

ក្នុងជំនួបនោះដែរ ខ្សែបម្រើពាក់លេខ៨ James Ward-Prowse បានក្លាយជា Man of the Match ដែលរកបាន ៨.៨៥ពិន្ទុ ទោះបីជាមិនស៊ុតបញ្ចូលទីខ្លួនឯងក៏ដោយ តែបានបញ្ជូន ១គ្រាប់ឲ្យ Jan Bednarek ស៊ុតបានសម្រេចត្រឹមចាប់ផ្តើមលេងបាន ៥នាទី ជាមួយនឹងការបង្ហាញទម្រង់លេងបានល្អពេញ ៩០នាទីដែរ៕