(ភ្នំពេញ)៖ ភាពយន្ដខ្មែរ-កាណាដា «ការរស់ឡើងវិញ នៃក្បាច់គុនល្បុក្កតោ ឬ Surviving Bokator» បានបន្សល់នូវកាដូពិសេស មុនដំណាច់ឆ្នាំ២០២១ ជាមួយការឈ្នះពានរង្វាន់ឯកសារកីឡាល្អបំផុត នៅក្នុងកម្មវិធី BKK DOC (Bangkok) International Documentary Awards នៅប្រទេសថៃ កាលពីថ្មីៗ។

លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឲ្យដឹងថា មុនបញ្ចប់រដូវកាលឆ្នាំ២០២១ ក្រុមផលិតករភាពយន្ដ Surviving Bokator បានបញ្ចូលភាពយន្ដនេះ ក្នុងមហោស្របភាពយន្ដអន្ដរជាតិមួយ នៅប្រទេសថៃ នៃកម្មវិធីខាងលើ ហើយបានទទួលការគាំទ្រច្រើនពីទស្សនិកជន និងអ្នកសរសេរកម្មវិធី ហើយបានគ្រងពានរង្វាន់ឯកសារកីឡាល្អបំផុតតែម្ដង។

អគ្គលេខាធិការរងដដែលបន្ដថា មកទល់ពេលនេះភាពយន្ដនេះ បានឈ្នះពានរង្វាន់ពីមហោស្របភាពយន្ដអន្ដរជាតិទូទាំងពិភពលោកជាង ២៥ពានរង្វាន់ហើយ។ នេះគឺជាកិត្តិយស និងជាមោនទភាពសម្រាប់ភាពយន្ដឯកសារកីឡាក្បាច់គុនល្បុក្កតោ ដែលក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិមួយនេះ ទៅកាន់ឆាកអន្ដរជាតិ បន្ទាប់ពីការរស់ឡើងវិញ ក្រោយរបបសម័យប៉ុលពត កាលពីជាង ៤០ឆ្នាំមុន។

សូមបញ្ជាក់ថា ភាពយន្ដ Surviving Bokator គឺជាសាច់រឿង ដែលបង្ហាញពីការរស់ឡើងវិញនូវក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ។ ភាពយន្តនេះមានការចូលរួមសម្ដែងជាច្រើនពីសំណាក់លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ សាន គឹមស៊ាន ,អ្នកលេងគុនចម្រុះ និងជាតារាភាពយន្ត សំ ថារ័ត្ន រួមទាំងគ្រូបង្វឹក និងកីឡាករជាច្រើនទៀត ដែលចំណាយពេលថតជាង ៥ឆ្នាំ ក្រោមការដឹកនាំរបស់ផលិតករជនជាតិកាណាដាលោក Mark Bochsler។

បន្ទាប់ពីដំណើរផ្សព្វផ្សាយទូលំទូលាយនៅក្រៅប្រទេស ភាពយន្ដ Surviving Bokator នឹងត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ២០២២ នេះ ហើយគ្រោងនឹងធ្វើការចាក់បញ្ចាំងផ្សាយតាមរោងកុនទូទាំងប្រទេស ក្រោយជំងឺកូវីដ-១៩ ធូរស្រាល ចំពោះកាលវិភាគនៃការចាក់បញ្ចាំងនេះ គ្រោងធ្វើឡើងស្របពេលជាមួយគ្នា ដែលក្បាច់គុនល្បុក្កតោត្រូវបានដាក់ស្នើជាបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ នៅឆ្នាំ២០២២ ផ្ទាល់តែម្ដង៕