(សៀមរាប)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានរៀបចំកម្មវិធីប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តសៀមរាប។ ការប្រកួតនេះ មានគោលបំណងជ្រើសរើសជើងខ្លាំងហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។

លោក គឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន តំណាងលោក ប៉ាន សូរស័ក្តិ ដែលជាប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រកួតកីឡានៅពេលនេះ។ លោក គឹម សុខុន បានលើកឡើងថា ដោយអនវុត្តន៍គោលនយោបាយចាក់វ៉ាក់សាំងបានដោយជោគជ័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខ ទើបយកឈ្នះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងឈានដល់ការបើកប្រទេសជាតិឡើងវិញ ហើយកម្មវិធីនានាក៏ត្រូវបានរៀបចំឡើងវិញផងដែរ។

លោកអនុប្រធានសហព័ន្ធមានប្រសាសន៍ទៀតថា ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជាតិឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិនានា។

ជាមួយគ្នានេះ លោក គឹម សុខុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតខាងលើប្រកបដោយស្មារតីមិត្តភាព និងសាមគ្គីភាព។

លោក គឹម សុខុន បានស្នើឱ្យអ្នកចូលរួមមានការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ ចាញ់ ពោលគឺឈរលើស្មារតីកីឡា ដើម្បីសុខភាព សន្ដិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស។

លោកក៏បានស្នើសុំមន្រ្តីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួត ជូនកីឡាករកីឡាការិនី ប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតព្រឹត្តិការណ៍ទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា៕