(បឹមីងហែម)៖ Aston Villa បានបំពេញផ្ទេរជាលក្ខណៈខ្ចីជើងរហូតដល់ចប់រដូវកាលនេះចំពោះ Philippe Coutinho មកកាន់ទឹកដី Villa Park ជាផ្លូវការហើយ និងអាចដាក់លេងក្នុង Premier League បានពេលប៉ះ Manchester United ចុងសប្តាហ៍នេះថែមទៀត។

ក្លិបខាងលើបានប្រកាសពីការចុះកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២១-២០២២ ជាមួយខ្សែបម្រើវ័យ ២៩ឆ្នាំ Coutinho មកពីក្លិប FC Barcelona របស់អេស្ប៉ាញ។

កីឡាករដែលស្ថិតក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានធ្វើដំណើរមកដល់ទីក្រុង Birmingham កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីបំពេញលក្ខណៈសម្បតិ្តនៅមុនពេលក្លិប Aston Villa ប្រកាសជាផ្លូវការនាថ្ងៃនេះ ជាមួយនឹងការពាក់លេខ២៣ ក្នុងការវិលត្រឡប់មកលេងនៅ Premier League ជាលើកទី២ ដ្បិតធ្លាប់ចំណាយពេល ៥ឆ្នាំជាមួយ Liverpool ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។

Philippe Coutinho នឹងធ្វើការជាមួយអតីតមិត្តរួមក្រុមចាស់ក្នុងក្លិប Liverpool ជាមួយគ្នា គឺលោក Steven Gerrard ដែលកំពុងដឹកនាំ Aston Villa ជំនួសកៅអីលោក Dean Smith នៅកីឡដ្ឋាន Villa Park នាខែវិច្ឆិកា ឆ្នាំ២០២១ មក នៅពេលលេងនៅទឹកដី Camp Nou ញាំញីដោយបញ្ហារបួសខ្លាំងពេក៕