(ភ្នំពេញ)៖ មកដល់រដូវនេះ ក្នុងខែមករា ឆ្នាំ២០២២ សត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) រាប់ពាន់ក្បាល នៅតែបន្តវិលត្រឡប់មករកចំណី និងស្នាក់ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តខេត្តតាកែវ។ នេះបើតាមយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថានបានបង្ហោះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស និងអង្គការជីវិតធម្មជាតិធម្មជាតិនៅកម្ពុជា បានកត់ត្រាចំនួនសត្វចាបព្រៃវែង ច្រើនបំផុតប្រមាណជាង២០០០ក្បាល មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនេះ។ នេះជាព័តមានដ៏ល្អដែលបញ្ជាក់ថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បាននឹងកំពុងដើរតួដ៏សំខាន់ក្នុងគាំទ្រដល់ការរស់នៅរបស់សត្វប្រភេទនេះ។

តាមក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «ចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតនៅលើពិភពលោក។ ចំនួនរបស់វានៅលើពិភពលោក បានថយចុះជាង ៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបំលាស់ទីរកចំណីមកកាន់តំបន់អាស៊ី (Wintering Migration)ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា»

សត្វចាបដ៏តូចនេះ ធ្វើដំណើរកាត់ប្រទេសជាច្រើនមុនមកដល់ និងរកចំណីក្នុងប្រទេសកម្ពុជា ចាប់ពីខែវិច្ឆកា ដល់ខែមេសាជារៀងរាល់ឆ្នាំ។ ទីជម្រករបស់វាគឺមានវាលស្មៅ គម្ពោតព្រៃ (ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម ជាទូទៅក្បែរមាត់ទឹក។

សូមមបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ៕