(ថៃ)៖ សាលាបណ្តុះបណ្តាលកីឡាបាល់ទាត់របស់ថៃ Sport Thai Bavaria Academy ប្រកាសផ្តល់អាហារូបករណ៍ជូនកុមារកម្ពុជា ចាប់ពីអាយុ ៨ ដល់ ១៦ឆ្នាំ ចំនួនពីរក្រុមស្មើនឹង៣០នាក់ លើជំនាញបាល់ទាត់ និងចំណេះទូទៅ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅពហុកីឡដ្ឋាននាទីក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗនេះ លោក Vinij Lertratanachai នាយកសាលាបណ្តុះបណ្តាលកីឡាបាល់ទាត់ Sport Thai Bavaria Academy បានប្រកាសថា សាលាបណ្តុះបណ្តាលរបស់លោក នឹងផ្តល់អាហារូបករណ៍លើវិជ្ជាជីវៈបាល់ទាត់ និងចំណេះដឹងទូទៅដល់កុមារកម្ពុជាចាប់ពីអាយុ ៨ឆ្ នាំដល់១៦ឆ្នាំ។

លោក Vinij Lertratanachai បានគូសបញ្ជាក់ថា ការផ្តល់អាហារូបករណ៍នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់។

នៅក្នុងជំនួបនោះលោក សុខ សុក្រឹត្យា ក៏បានស្នើសុំក្រុមហ៊ុន Freshair Festival Co.LTD រៀបចំព្រឹត្តិការណ៍បាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមកីឡា All Star កម្ពុជា ជាមួយក្រុមកីឡាបាល់ទាត់ក្លឹបអន្តរជាតិនាពេលខាងមុខផងដែរ។ ក្លឹបកីឡាបាល់ទាត់អន្តរជាតិនេះនឹងមកប្រកួតនៅប្រទេសថៃដោយយកទីលានបាល់ទាត់ Sport Thai Bavaria Academy ជាទីតាំងហាត់មុនការប្រកួត។ ទន្ទឹមនិងនេះលោកបណ្ឌិត ក៏នឹងនាំយកក្រុមកីឡាអន្តរជាតិមកទាត់កំដៅម៉ាសុីននៅកម្ពុជា ដេីម្បីចូលរួមលេីកស្ទួយវិស័យទេសចរណ៍។

សូមបញ្ជាក់ថា គ្រូបង្វឹកនៅក្នុងសាលាបណ្តុះបណ្តាលបាល់ទាត់ខាងលើនេះ គឺភាគច្រើនមកពីប្រទេសអាល្លឺម៉ង់ ហើយសាលានេះបានបើកការបណ្តុះបណ្តាលដល់កុមារថៃជាច្រើននាក់អស់រយៈពេលជាង១០ឆ្នាំមកហើយ៕