(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៨មក ក្រុមអ្នកអភវិឌ្ឍន៍កម្មវិធី (Developers App) រកចំណូល ពី ការលក់កម្មវិធី និងសេវាកម្មផ្សេងៗនៅលើ App Store បាន រហូតដល់ ២៦០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីប្រកាសរបស់ Apple បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២០ ក្រុមអ្នកអភវិឌ្ឍន៍កម្មវិធី រកចំណូលបានសរុបចំនួន ២០០ពាន់លានដុល្លារអាមេរិកនៅលើ App Store ហើយចេញមួយឆ្នាំ២០២១ គឺរកបាន ៦០ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះការលក់ App និងសេវកម្មបានកើនឡើងខ្លាំងនៅរដូវកាលបុណ្យអូណែល។

ពាក់ព័ន្ធនឹងរកប្រាក់ចំណូលពីសំណាក់ក្រុមអ្នកអភវិឌ្ឍន៍កម្មវិធីនៅលើ App Store នេះ ក្រុមហ៊ុន Apple បានទទួលរងការរិះគន់យ៉ាងច្រើន ដោយសារតែ Apple បានតម្រូវឱ្យប្រើប្រាស់កម្មវិធី និងសេវាកម្មទូទាត់ប្រាក់តែរបស់ខ្លួន និងបានដកភាគរយរហូតដល់ ៣០ភាគរយ ប៉ុន្តែ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត iPhone មួយនេះបានកាត់បន្ថយមកនៅត្រឹម ១៥ភាគរយវិញ៕