(អាមេរិក)៖ ខណៈពិភពហូលីវូដ ចាប់ផ្តើមក្រឡាប់ចាក់ ដោយសារវីរុសបំប្លែងថ្មី Omicron ក្នុងរដូវកាលពានរង្វាន់ ដែលតម្រូវឲ្យកម្មវិធីប្រគល់ពានរង្វាន់ធំៗជាច្រើនបានពន្យារពេល ស្រាប់តែកម្មវិធី Oscars បានប្រកាសធ្វើពេញលេញឡើងវិញ។ ជាពិសេស អ្នកគាំទ្រទូទាំងពិភពលោក របស់តារាសម្តែង Tom Holland បានស្នើថា លោកគួរតែធ្វើជាពិធីករក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ល្បីប្រចាំឆ្នាំ អូស្កា ដោយសារតែតារារូបនេះល្បីល្បាញខ្លាំង បន្ទាប់ពីជោគជ័យខ្លាំងក្នុងរឿង «Spider-Man: No Way Home»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

ការស្នើនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីទូរទស្សន៍ ABC នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានប្រកាសថា ពិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំ Oscars នឹងត្រូវរៀបចំឡើងវិញដោយពេញលេញជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំមកនេះ ចាប់តាំងពីឆ្នាំ២០១៨មក និងគ្រោងធ្វើនៅទីតាំងដើម គឺ Dolby Theatre។ ថ្ងៃកំណត់ គឺនឹងធ្វើឡើងនៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ តែម្តង។

ពាក់ព័ន្ធនឹងពិធីករក្នុងកម្មវិធីពានរង្វាន់ដ៏ល្បីមួយនេះ គឺត្រូវបានជ្រើសរើសចេញពីតារាអ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ខណៈតារាសម្តែងប្រុស Tom Holland ដែលជាតួអង្គក្នុងរឿង «Spider-Man: No Way Home» កំពុងតែត្រូវបានគេចាប់អារម្មណ៍ឲ្យធ្វើជាពិធីករក្នុងកម្មវិធីនេះ។ ពាក់ព័ន្ធនឹងរឿងនេះ តារាប្រុស Tom Holland បានប្រាប់ The Hollywood Reporter កាលពីខែធ្នូកន្លងទៅថា លោកស្រឡាញ់ និងចូលចិត្តការធ្វើជាពិធីករក្នុងកម្មវិធីទទួលពានរង្វាន់។ លោកថា ប្រសិនបើអ្នករៀបចំស្នើលោកឲ្យធ្វើ លោកនឹងធ្វើ...។

គួរជម្រាបថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រគល់ពានរង្វាន់អូស្កា គឺបានធ្វើឡើងគ្រាន់តែចែកពានរង្វាន់ដល់អ្នកឈ្នះប៉ុណ្ណោះ ពោលមិនមានពិធីករ ឬអ្នកចូលរួមច្រើននោះទេ ដោយសារតែដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ តែយ៉ាងណា បន្ទាប់ពីផ្អាកធ្វើពិធីធំដុំតាំងពីឆ្នាំ២០១៨មក នៅពេលនេះ កម្មវិធីអូស្កា គឺគ្រោងធ្វើឡើងពេញលេញដូចសព្វមួយដង វិញហើយ ក្នុងឆ្នាំ២០២២នេះ៕