(ភ្នំពេញ)៖ តារាសម្ដែងមានឈ្មោះល្បីគួរសម ក្នុងមជ្ឈដ្ឋានសិល្បៈស្រីស្រស់ ហាស វីរ៉ាស្រីរ័ត្ន ហៅកញ្ញា រ៉ូស ត្រូវបានមហានជន និងអ្នកគាំទ្រដឹងថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពសិល្បៈរបស់នាង ហាក់មានសភាពស្ងប់ស្ងាត់ ព្រោះតែជំងឺរាតត្បាតសកលកូវីដ-១៩ ធ្វើឲ្យការងារថតភាពយន្ត និងថតផលិតផលផ្សេងៗ ត្រូវបានបានផ្អាកជាបន្តបន្ទាប់។ យ៉ាងណាមិញ ទោះបីជាសកម្មភាពសិល្បៈមិនសូវមមាញឹកក្ដី ស្រាប់តែពេលនេះលេចមុខកញ្ញា អាណារ៉ូស បញ្ចេញភាពហ៊ឺហា តាមរយៈការជះលុយប្រមាណ ៥ម៉ឺនដុល្លារ ទិញខុនដូរមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ រស់នៅយ៉ាងសង្ហា ធ្វើឲ្យអ្នកគាំទ្រសរសើរពីលទ្ធភាព របស់នាងគ្រប់គ្រប់គ្នា។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ តារាសម្ដែង អាណារ៉ូស បានប្រាប់ឲ្យដឹងថា ជាការពិតកាលពីពេលថ្មីៗនេះ នាងបានចំណាយលុយប្រមាណ ៥ម៉ឺនដុល្លារ ដើម្បីទិញខុនដូរមួយកន្លែងមែន ដោយនាងបានបង្ហោះរូបភាព នោះតាមបណ្ដាញសង្គមជាហូរហែ ទើបធ្វើឲ្យមហាជន មិត្តភក្តិ និងអ្នកគាំទ្រភ្ញាក់ផ្អើល ហើយមានអ្នកខ្លះក៏ផ្ញើសារអបអរសាទរផងដែរ។ អ្វីដែលមហាជនមានចម្ងល់ គឺនៅត្រង់ថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ វាយលុក ប្រភពចំណូលពីការងារសិល្បៈ គឺពុំសូវមានច្រើននោះទេ ហេតុអ្វីបានជាតារារូបនេះ សំបូរលុយរហូតហ៊ានចំណាយទិញខុនដូរបន្ថែមទៀត?

ចំណុចនេះត្រូវបានតារាសម្ដែង រ៉ូស បញ្ជាក់ថា ថវិកាដែលបានមកដើម្បីទិញខុនដូរនៅពេលនេះ គឺជាកម្លាំងញើសឈាមរបស់នាងផ្ទាល់ទាំងអស់ ដែលបានខំសន្សំអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការងារសិល្បៈ ការងារជំនួញ និងមុខរបររកស៊ីរបស់ខ្លួនមួយចំនួន បន្ទាប់បន្សំគ្នាទម្រាំបានថវិកាទិញខុនដូរ ដែលជាបំណងប្រាថ្នារបស់នាងតាំងពីយូរមកហើយ។

កញ្ញា រ៉ូស និយាយថា «ច៎ាបង.. ថ្មីៗនេះខ្ញុំទើបតែទិញខុនដូរ នៅជ្រោយចង្វាមួយកន្លែង ដោយកន្លែងនៅមានទាំងអាងហែលទឹក និងមើលឃើញទន្លេមេគង្គច្បាស់ល្អ។ លុយខ្ញុំទិញនេះ គឺជាកម្លាំងញើសឈាមរបស់ខ្ញុំទេបង.. ពុំមានអ្នកណាជួយឧបត្ថម្ភក្រោយខ្នងឡើយ ដោយខ្ញុំខំប្រឹងថត និងការធ្វើជាតំណាងផលិតផលជាដើម..!»។

តារាសម្ដែង អាណារ៉ូស ត្រូវបានមហាជនស្គាល់រូបនាងច្រើន តាមរយៈការសម្ដែងភាពយន្តរឿងភាគ និងការសម្ដែងក្នុងបទចម្រៀងខារ៉ាអូខេមួយចំនួន។ ជាពិសេសតារារូបនេះ ហ៊ានថតទាំងឈុតសិចស៊ី ឈុតស្រើបស្រាលរោលរាលទាំងក្នុងរឿង និងក្នុងបទចម្រៀង តាមអ្វីដែលអ្នកដឹកនាំសម្ដែងត្រូវការ ជាពិសេសនាងត្រូវបានគេស្គាល់ច្រើនឡើង តាមរយៈការសម្ដែងក្នុងបទ «ស្នេហាធ្វើឲ្យខ្ញុំយំ» របស់ផលិតកម្ម ភី ដែលក្នុងនោះមានឈុតឱបថើបយ៉ាងរោលរាល ជាចំណុចធ្វើឲ្យរូបនាងមានឈ្មោះល្បីដល់សព្វថ្ងៃនេះ៕