(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានប្រកាសមិនចូលរួមការប្រកួតពានរង្វាន់ពិភពលោក Jet Ski World Cup and World Series 2021-2022 (ជុំទី៣) នៅប្រទេសថៃ នោះទេ បន្ទាប់ពីពិនិត្យឃើញរបួសប្រេះឆ្អឹងខ្នង និងត្រូវធ្វើការវះកាត់បន្ទាន់ ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះ។

ម្ចាស់ពាន Jet Ski Pro Tour 2021 ដដែល បានឲ្យដឹងថា រូបគេពុំបានដឹងថា ខ្លួនមានរបួសបែបនេះឡើយ ។ ដំបូងឡើយ គេបានប៉ះទង្គិចគ្នា ជាមួយកីឡាករជម្រើសជាតិ កៃវ៉ាន់ ស៊ីដែន អំឡុងពេលហ្វឹកហាត់ តែមិនចាប់អារម្មណ៍ ព្រោះភ្លាមៗនោះឈឺតែជើងប៉ុណ្ណោះ ។ តែដោយពីមួយថ្ងៃទៅមួយថ្ងៃ ខ្លួនចេះតែឈឺខ្នងខ្លាំងទៅៗ ទើបសម្រេចទៅពិនិត្យ ហើយឃើញថា ប្រេះឆ្អឹងខ្នង ដែលគ្រូពេទ្យតម្រូវឲ្យធ្វើការវះកាត់បន្ទាន់ទៀតផង ។

អ៊ូមើត បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលត្រូវខកខានជាថ្មី ក្នុងការប្រកួតដ៏ធំនេះ បន្ទាប់ពីខកខានការប្រកួត ២ជុំរួចមកហើយ នៅប៉ូឡូញ និងអាមេរិក ដោយសារវិបត្តិកូវីដ-១៩ ។ យ៉ាងណាក្ដី រូបគេបានស្នើពន្យាពេលការវះកាត់ ដើម្បីដឹកនាំកីឡាករវ័យក្មេង ៤រូបផ្សេងទៀត ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២២ គឺមានកីឡាករ ម៉ីន មូស្ដាន, កៃវ៉ាន់ ស៊ីដែន, សាលី ហ្វីលីន និង ម៉ីន អូស្មាន ។

កីឡាករខ្មែរ-ឥស្លាមរូបនេះ បានបញ្ជាក់ថា ក្រោយដឹកនាំកីឡាករម៉ូតូទឹកជម្រើសជាតិ ៤រូបខាងលើ ប្រកួតជុំទី៣ នៃព្រឹត្តិការណ៍ Jet Ski World Cup and World Series 2021-2022 រួច ខ្លួននឹងរកពេលវេលាសមរម្យធ្វើការវះកាត់ តាមការណែនាំរបស់គ្រូពេទ្យ ។ បើតាមការអះអាងរបស់គ្រូពេទ្យថា ក្រោយការវះកាត់ សាលី អ៊ូមើត ត្រូវការពេលប្រហែល ៣ខែ ដើម្បីសម្រាកព្យាបាល មុនត្រឡប់ចូលទីលានហ្វឹកហាត់ និងប្រកួតវិញបាន ៕