(រីយ៉ូ)៖ ក្លិបបាល់ទាត់ប្រេស៊ីល Santos បានសម្រេចការចុះហត្ថលេខា ជាមួយខ្សែប្រយុទ្ធ Ricardo Goulart លើកិច្ចសន្យារយៈពេល២ឆ្នាំ, នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានចូលរួម ក្នុងនាមជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីចែកផ្លូវគ្នា ជាមួយក្លិប Guangzhou FC លេងនៅលីគចិន Chinese Super League កាលពីខែវិច្ឆិកា។

Ricardo Goulart នឹងពាក់អាវលេខ១០ ដែលធ្វើឲ្យមានភាពល្បីល្បាញ ដោយអតីតកីឡាករឆ្នើម Pele នៅអំឡុងពេលអាជីពបាល់ទាត់របស់លោក នៅក្លិប Santos ក្នុងទសវត្ស១៩៥០, ៦០ និង៧០។

កីឡាករ Goulart បានស៊ុតបញ្ចូលទី១១០គ្រាប់ ក្នុងការបង្ហាញខ្លួន១៧៤ប្រកួត សម្រាប់ក្លិប Guangzhou បន្ទាប់ពីការផ្លាស់ក្នុងឆ្នាំ២០១៥ ពីក្លិប Cruzeiro។ លោកបានជួយឲ្យក្លិប ឈ្នះពាន់រង្វាន់ Chinese Super League ចំនួន៣លើក និង Asian Champions League ១លើក។

ក្លិបបាល់ទាត់មួយ ក្នុងចំណោមធំជាងគេបំផុត របស់ប្រេស៊ីល, Santos មិនបានឈ្នះពានរង្វាន់ធំៗលំដាប់ជាតិ ឬក៏អន្តរជាតិនោះទេ ចាប់តាំងពីឈ្នះពានរង្វាន់ Copa Libertadores ក្នុងឆ្នាំ២០១១៕