(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Software របស់អាមេរិក Microsoft Corp ត្រូវបានគេរាយការណ៍មកថា បានជួលកំពូលវិស្វកររបស់ ក្រុមហ៊ុន Apple ឱ្យរចនា និងបង្កើតបន្ទះឈីបសម្រាប់ម៉ាស៊ីន Servers របស់ខ្លួន ដែលនេះបង្ហាញឱ្យឃើញថា Microsoft កំពុងតែឈាន ជើងមួយជំហានទៀតក្នុងការបង្កើតបន្ទះឈីបដោយខ្លួនឯង ឈប់ពឹងផ្អែកលើក្រុមហ៊ុនដទៃ ខណ:វិបត្តិកង្វះខាតបន្ទះឈីបជាសកល នៅតែ អូសបន្លាយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា Microsoft បានជួលលោក Mike Filippo ដែលជាវិស្វករដ៏មានជំនាញ និងទេពកោសលមួយរូបខាងរចនា និងបង្កើតបន្ទះឈីប ដោយបានបម្រើការងារនៅក្នុងក្រុមហ៊ុន Apple អស់រយ:ពេល ២ឆ្នាំមកហើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Microsoft គ្រោងនឹងបង្កើតបន្ទះឈីបសម្រាប់ កុំព្យូទ័រ Surface និងសម្រាប់ម៉ាស៊ីន Servers ដែលប្រើប្រាស់លើវិស័យ Cloud ហើយផែនការមួយនេះវាអាចនឹងធ្វើឱ្យ Microsoft ក្លាយជាគូប្រគួតប្រជែងជាមួយនឹងក្រុមហ៊ុន Intel និង Advanced Micro Devices Inc។

លោក Filippo បានចាប់ផ្ដើមការងារជាអ្នករចនាបន្ទះឈីប (CPU) សម្រាប់កុំព្យូទ័រនៅក្នុងក្រុមហ៊ុន AMD ចាប់តាំងពីឆ្នាំ ១៩៩៦ និង បានប្ដូរទៅធ្វើការងារនៅក្រុមហ៊ុនផ្សេងៗជាទៀតដូចជា Intel និង ARM ហើយចុងក្រោយគឺនៅក្នុងក្រុមហ៊ុន Apple៕