(ភ្នំពេញ)៖ ប្រិយមិត្តនិយមតាមដានវិស័យសិល្បៈ និងមហាជនទូទៅពិតជាបានស្គាល់កញ្ញា សុភ័ក្រ កុសុម៉ា ច្បាស់ហើយ ត្បិតថា តារាស្រីសម្បុរស្រអែមស្រស់ មុខមានប្រជាប្រិយរូបនេះ គឺជាពិធីការិនី ដែលមានជំនាញម្នាក់ ពូកែវោហោស័ព្ទមិនចេះរីកស្ងួត ហើយក៏តែងតែធ្វើឲ្យអ្នកគាំទ្រសើចសប្បាយ ជាមួយការកំប្លុកកំប្លែងដ៏ប៉ិនប្រសព្វ មិនថាក្នុងកម្មវិធីណានោះទេ។ តែយ៉ាងណា តារាស្រីពូកែញ៉ិញ៉ក់រូបនេះ ស្រាប់តែបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី តាមរយៈការបញ្ចូលសាច់រឿងពិតក្នុងជីវិត រៀបរាប់ពីចរិតពិត មិនចេះសៅហ្មង គិតតែភាពរីករាយ តាមរយៈចម្រៀងថ្មី ក្រោមចំណងជើងថា «វាតែប៉ុណ្ណឹង»

មហាជនសង្កេតឃើញថា តាមរយៈវីដេអូចម្រៀងថ្មី របស់តារាស្រី សុភ័ក្រ កុសុម៉ា «វាតែប៉ុណ្ណឹង» គឺប្រមូលផ្តុំទៅហើយ មិត្តភ័ក្រជិតស្និទ្ធរបស់នាងរួមគ្នាសម្តែង អមជាមួយនឹងកាយវិការនានា ធ្វើឲ្យអ្នកគាំទ្រដែលបានទស្សនា MV ហើយទប់សំណើចមិនជាប់ ព្រោះថាក្នុង MV គឺមានតែភាពសប្បាយរីករាយ មិនចេះកើតទុក្ខច្រើន ដែលនេះជាចរិតពិតរបស់ សុភ័ក្រ កុសុម៉ា នេះឯង។

ក្រៅធ្វើឲ្យអ្នកគាំទ្រ រំជើបរំជួលអារម្មណ៍តាមរយៈការសម្តែងហើយនោះ ងាកមកទឹកដមសំនៀងរបស់ សុភ័ក្រ កុសុម៉ា «វាតែប៉ុណ្ណឹង» នេះវិញ គឺពិតជាពីរោះមែនទែន ខណៈតារាស្រីរូបនេះ ត្រូវបានមហាជននិយមហៅថា តារាស្រីសំឡេងស្អកមានទឹកដម។

គួរជម្រាបថា MV បទថ្មី ដែលមានចំណងជើងថា «វាតែប៉ុណ្ណឹង» របស់ សុភ័ក្ត្រ កុសុម៉ា បាន ចេញផ្សាយ តាមការសន្យា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧ល្ងាច។ បទ ចម្រៀងបែបសប្បាយ ដែលកុសុម៉ា បាន បង្ហាញពេលនេះ ពិតជាពិសេស ព្រោះ នេះគឺជា កាដូដែលតារាស្រីរូបនេះ រៀបចំជូនអ្នកគាំទ្រ ទាំងអស់របស់ខ្លួន ហើយក៏អបអរសម្រាប់ឱកាសឆ្នាំថ្មីដែរ។

សូមអញ្ជើញទស្សនាវីដេអូបទចម្រៀង «វាតែប៉ុណ្ណឹង» ដូចតទៅ៖