(ភ្នំពេញ)៖ លីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២២ កំពុងស្ថិតក្រោមការធ្វើកំណែទម្រង់ថ្មី និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយលេចវត្តមានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ពិសេសចំនួនក្រុមប្រកួត ដែលត្រូវបានកាត់សល់ត្រឹម ៨ក្រុម រួមមានភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៏ បឹងកេត អង្គរថាយហ្គឺរ កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ។

យោងតាមក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា លីគរដូវកាលថ្មី គ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្ដែមកទល់ពេលនេះ ក្រុមហ៊ុន ដែលបង្កើតដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ នៅមិនទាន់ប្រកាសផ្លូវការអំពីរូបមន្ដត្រូវប្រកួតនោះទេ ខណៈដំណឹងបឋមលេចលឺថា ការប្រកួតគ្រោងធ្វើឡើង ៣ជុំ ហើយអាចឈានដល់លេង ៤ជុំទៀតផង ។ នេះបើតាមការបង្ហើបរបស់លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន។

អ្នកចាត់ការទូទៅក្រុមជើងឯក ៧សម័យខាងលើ បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការធ្វើកំណែទម្រង់លីគរដូវកាលថ្មី ជាមួយការវិវឌ្ឍន៍ថ្មីៗជាច្រើន ដែលនឹងផ្ដល់នូវផលវិជ្ជមាន សម្រាប់អនាគតបាល់ទាត់កម្ពុជា ។ ពិសេសការធ្វើបច្ចុប្បន្នភាពក្លិប ដែលគ្រប់លក្ខខណ្ឌអាចលេងលីគកំពូលបាន នឹងជំរុញឲ្យលីគមានការប្រកួតប្រជែងកាន់តែខ្លាំង ទោះបីមានផលប៉ះពាល់ខ្លះដល់កីឡាករ ក៏ដូចជាក្រុមត្រូវកាត់ទៅលេងលីគទី២ ក៏ដោយ ។

លោកបន្ដថា «កំណែទម្រង់នេះ នឹងផ្ដល់នូវភាពរីកចម្រើន ដោយសារមានការប្រកួតច្រើន Sponsor ក៏សប្បាយចិត្ត អ្នកគាំទ្រក៏បានចូលទស្សនាច្រើន ហើយការប្រកួតទាំងអស់ រវាងបេក្ខភាព ៨ក្រុម គឺសុទ្ធតែមានការប្រកួតប្រជែងខ្លាំង ។ ក្រុមខ្លះលេងបានតែ ១ជុំ ឬ ២ជុំ អត់ទាន់អស់ចិត្តទេ ហើយលីគឥលូវនេះ បើតាមលេចលឺដំណឹង នឹងលេង ៣ជុំតែម្ដង ។ ហើយមានករណីពិសេសលឺថា មានជុំទី៤ ទៀត ដែលប្រហែលទៅមុខទៀត យើងកំពុងពិភាក្សាជាមួយក្រុមហ៊ុនលីគដូចគ្នា»

គួរដឹងថា បន្ទាប់ពីការធ្វើកំណែទម្រង់លីគរដូវកាលថ្មី ដោយផ្អែកលើលក្ខខណ្ឌ ៥ចំណុច នៃអាជ្ញាប័ណ្ណក្លិប ឃើញថា មាន ៨ក្លិបខាងលើប៉ុណ្ណោះ ដែលទទួលបានកៅអីលេងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២២ ។ រីឯ ៥ក្លិបផ្សេងទៀត ត្រូវបានកាត់ទៅលេងលីគទី២ រួមមានខេត្តព្រៃវែង សូលទីឡូអង្គរ អគ្គិសនីកម្ពុជា អាស៊ីអឺរ៉ុប និងក្លិបនគរបាលជាតិ ។ កំណែទម្រង់នេះ បានធ្វើលីគទី២ រដូវកាលថ្មី មានបេក្ខភាពប្រកួតប្រជែងដល់ ១២ក្រុម៕