(ភ្នំពេញ)៖ លោក សំហេង បុរស ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្ត ដល់អត្តពលិក ក្នុងព្រឹត្តិការណ៍រត់ពាក់ កណ្តាលម៉ារ៉ាតុងអង្គរ ។ អត្តពលិក ដែលជាប់ជ័យលាភី គឺមានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអង្គរកាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ដែលមានអត្តពលិកចូលរួមប្រកួតសរុបចំនួន ២២០០នាក់។

ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយអត្តពលិកជ័យលាភី លោក សំហេង បុរស ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានសំដែងនូវអារម្មណ៍សប្បាយរីករាយ ដោយឃើញវឌ្ឍនភាពនៃកីឡារបស់កម្ពុជារបស់យើង។

លោកបានបន្តថា កីឡារបស់កម្ពុជានាពេលបច្ចុប្បន្ន បានប្រែក្លាយទៅជា ចលនាជាតិមួយដ៏ធំ ដែលបច្ចុប្បន្នយើងបានសង្កេតឃើញថា ការចងក្រងជាក្រុម ជាក្លឹប ឬសមាគម ដើម្បីធ្វើការប្រមូលផ្តុំគ្នាចូលរួមលេងកីឡាជាមួយគ្នា ព្រមទាំងមានការរៀបចំជាការប្រកួតនៅតាមក្រុម ក្លឹប និងសមាគម ក្រៅពីការរៀបចំរបស់សហព័ន្ធ សកម្មភាពនេះវាបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាកាលដែលប្រទេសជាតិមានសុខសន្តិភាព ទើបអាចឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡាបានទាំងអស់គ្នា។

ក្នុងការជួបសំណេះសំណាលជាមួយអត្តពលិកជ័យលាភី ប្រធានសហព័ន្ធរូបនេះ ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អត្តពលិក ចំនួន ២០ម៉ឺនរៀលក្នុងម្នាក់ ហើយឯកឧត្តមនឹងបន្តជួបជាមួយនឹងអត្តពលិកផ្សេងៗ ដើម្បីចូលរួមចំណែកក្នុងការជំរុញលើកស្ទួយវិស័យកីឡាអត្តពលកម្មនៅកម្ពុជាឲ្យមានការអភិវឌ្ឍ និងអាចប្រកួតប្រជែងក្នុងឆាកតំបន់ និងអន្តរជាតិ។

ជាចុងបញ្ចប់ លោក សំហេង បុរស បានសំណូមពរ ដល់អត្តពលិកជ័យលាភី បន្តខិតខំធ្វើការហ្វឹកហាត់បន្ថែមទៀត និងជួយធ្វើការផ្សព្វផ្សាយ អំពីកីឡាអត្តពលកម្មដល់មិត្តភក្តិ បងប្អូន ឲ្យស្គាល់ពីកីឡានេះ និងចូលរួមលេងជាមួយគ្នា ដើម្បីសុខភាព និងការរីកចម្រើនវិស័យអត្តពលកម្ម៕