(ញូដេលី)៖ ក្រុមហ៊ុន Tesla Inc «នៅតែធ្វើការឆ្លងកាត់បញ្ហាប្រឈមជាច្រើនជាមួយរដ្ឋាភិបាលទាក់ទងទៅនឹងរឿងពន្ធនាំចូល» នៅក្នុងប្រទេសឥណ្ឌា ដោយនាយកប្រតិបត្តិ និងជាកំពូលមហាសេដ្ឋី លោក Elon Musk បានឱ្យដឹងនៅលើ Twitter របស់លោកដែលឆ្លើយតបទៅនឹងសំណួរមួយថា តើនៅពេលណាដែលលោកនឹងដាក់លក់រថយន្តអគ្គិសនីរបស់លោកនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុន Tesla គ្រោងនាំចូលរថយន្តទៅដាក់លក់នៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំ២០២១ ហើយឥឡូវកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌាឱ្យជួយកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនី (EV) មុនពេលរថយន្តនេះចូលទៅដល់ទីផ្សារឥណ្ឌា ដោយនៅក្នុងខែតុលាកន្លងទៅនេះ លោក Elon Musk បានទៅជួបសំណេះសំណាលផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ម្តងរួចទៅហើយ។

សម្រាប់ការដាក់លក់រថយន្តអគ្គីសនីប្រណិត នៅក្នុងទីផ្សារឥណ្ឌា គឺនៅមានកម្រិតនៅឡើយ ដោយហេដ្ឋារចនាសម្ព័ន្ធសាកថ្មនៅមានការខ្វះខាត ខណៈដែលប្រទេសនេះមានតម្រូវការលក់រថយន្តច្រើនសរុបជាង ២.៤លានគ្រឿង ដែលក្នុងនោះមានរថយន្តចំនួន ៥,០០០គ្រឿងជារថយន្តអគ្គីសនី ហើយមានមួយចំនួនតូចជារថយន្តប្រណិត។

ប្រទេសឥណ្ឌាបានគិតពន្ធលើការនាំចូលខ្ពស់រហូតដល់ ១០០ភាគរយទៅលើរថយន្តនាំចូល រួមទាំងរថយន្ត EV របស់ Tesla ដែលជាប្រភេទរថយន្តប្រណិតបំផុតក្នុងពិភពលោក ហើយអ្នកវិភាគក៏បានបន្តទៀតថា ក្នុងអត្រាទាំងនេះ រថយន្ត Tesla នឹងក្លាយទៅជារថយន្តដែលមានតម្លៃថ្លៃដែលធ្វើឱ្យការលក់នឹងមានការធ្លាក់ចុះ។

គួរជម្រាបផងដែលថា ទោះបីជាក្រុមហ៊ុន Tesla កំពុងចរចារឿងពន្ធនាំចូលក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តប្រណិត Mercedes-Benz នៅតែព្យាយាមកែទម្រងថ្មីនៃរថយន្តស៊េរីទំនើប EQS នៅក្នុងប្រទេសឥណ្ឌាឱ្យបាននៅចុង២០២២នេះ៕