(ញ៉ូខាសល)៖ ក្លិបបាល់ទាត់ Newcastle United បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិណូវែលសេឡង់ Chris Wood ផ្ទេរមកពីក្លិប Burnley ជាគូប្រជែងក្បែរតំបន់កាត់ចេញពី Premier League ដូចគ្នា។ នេះបើតាមការប្រកាសពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ក្លិបទាំងពីរមិនបានបង្ហាញពីព័ត៌មានស្តីពីហិរញ្ញវត្ថុនៃការផ្ទេរនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយថា Newcastle បានចំណាយប្រាក់ឲ្យ Burnley ចំនួន ២៥លានផោន (៣៤.៣លានដុល្លារ) សម្រាប់កីឡាករវ័យ ៣០ឆ្នាំរូបនេះ។

Wood បានក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្លិប Burnley ដោយបានស៊ុតបញ្ចូលទី ៤៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤៤ប្រកួតក្នុងលីគ នៅអំឡុងពេល ៤ឆ្នាំកន្លះរបស់លោកនៅឯកីឡដ្ឋាន Turf Moor។ លោកបានចូលរួមជាមួយ Burnley ក្រោយផ្ទេរមកពីក្លិប Leeds United ក្នុងឆ្នាំ២០១៧។

Newcastle ត្រូវការជាចាំបាច់ក្នុងការពង្រឹងខ្សែប្រយុទ្ធ បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធកំពូល Callum Wilson ត្រូវបានអវត្តមានពីការប្រកួតរយៈពេល ៨សប្តាហ៍ ដោយសាររបួសកំពួនជើង។

ក្លិបសារិកាព្រៃ Newcastle ឈរនៅលំដាប់ទី២ រាប់ពីបាតតារាងក្នុងលីគ ដែលមាន ១១ពិន្ទុពី១៩ប្រកួតនោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលជួបក្រុមភ្ញៀវ Watford ក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ៕