(អង់គ្លេស)៖ កំពូលតារាសម្តែងប្រុសល្បីឈ្មោះ របស់អង់គ្លេស Daniel Craig ដែលបានជាប់ងារជា James Bond 007 នោះ បានរំឭកពីមនុស្សសំខាន់ម្នាក់ ដែលបានធ្វើឲ្យជីវិតរបស់លោក ប្រែក្លាយទៅជាបុគ្គលដែលល្បីល្បាញ ជាប់ងារថា 007 មកទល់បច្ចុប្បន្ន។

តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយកាសែត The Sun នាពេលថ្មីៗនេះ តារាប្រុសវ័យ៥៣ឆ្នាំ Daniel Craig បានបង្ហើបឲ្យដឹងថា បុគ្គលសំខាន់ម្នាក់នោះ គឺអ្នកដឹកនាំរឿងជើងចាស់ល្បីល្បាញក្នុងវិស័យហូលីវូដ ជនជាតិអាមេរិក គឺលោក Steven Spielberg ដែលបានសម្រេចចិត្តជ្រើសរើសរូបលោក ឲ្យចូលរួមសម្តែងក្នុងនាមជាតួអង្គ 007 តាំងពីដំបូងមក ពោលគឺរឿង «Casino Royale» ចេញឆ្នាំ ២០០៦។

លោក Daniel Craig បានបង្ហើបថា អ្នកដឹកនាំរឿង លោក Steven គឺជាមនុស្សសំខាន់ម្នាក់ ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះខ្លាំងក្នុងវិស័យហូលីវូដ ព្រោះអ្នកដឹកនាំរូបនោះ បានផ្តល់ទំនុកចិត្តឲ្យលោកចូលរួមសម្តែងតាំងពីដំបូង នៃតួអង្គ 007 បើទោះបីជាគ្រានោះ លោកមានអារម្មណ៍ថា ខ្មាស់អៀន ក្នុងការសម្តែងជាតួអង្គប្រភេទនេះក៏ដោយ។ ក្រោយពីទទួលបានការលើកទឹកចិត្ត និងជំរុញឲ្យលោកសម្តែងជាតួអង្គ 007 ក្នុងរឿងដំបូង ពីសំណាក់អ្នកដឹកនាំរឿង លោក Steven ទីបំផុត លោកក៏សម្រេចចិត្តយល់ព្រម ដោយដឹងថា វានឹងល្អប្រសិនបើបន្តទៅមុខទៀត ក្នុងតួអង្គនេះ។

លោកនិយាយថា លោកពិតជាខ្មាស់អៀនខ្លាំងណាស់ លោកពិតជាមិនចង់សម្តែងជាតួអង្គ Bond នោះទេ ប៉ុន្តែបន្ទាប់ពីលោកបានអាន Script រឿង «Casino Royale» ដែលជារឿងដំបូងមក អារម្មណ៍របស់លោកស្រាប់តែប្រែមកថា យល់ព្រមវិញ ព្រោះគិតថាល្អ។

គួរជម្រាបថា តារាសម្តែង Daniel Craig បានប្រើប្រាស់ពេលវេលាប្រមាណ១៥ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ តាមរយៈការដើរតួជាតួអង្គ James Bond 007 ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦ នៃការដើរតួជា James Bond របស់លោក។ ដោយឡែក Daniel Craig បានដើរតួអង្គនេះ ជាលើកចុងក្រោយក្នុងរឿងស៊េរីថ្មី គឺ «No Time To Die» ដែលត្រូវបានបញ្ចេញជាផ្លូវការ នៅអំឡុង ខែកញ្ញា ឆ្នាំ២០២១ ខណៈរឿងនេះជាស្នាដៃចុងក្រោយហើយរបស់លោក Daniel Craig ក្នុងការសម្តែងជាតួអង្គ James Bond៕