(កាមេរូន)៖ កីឡាករប្រធានក្រុមជម្រើសជាតិហ្គាបុង Pierre-Emerick Aubameyang បានវិលត្រឡប់ទៅហ្វឹកហាត់វិញហើយក្នុងសប្តាហ៍នេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក ក្រោយពីវិជ្ជមានជំងឺកូវីដ១៩ នៅមុនពេលក្រុមរបស់លោកត្រៀមប្រកួតនៅឯពានរង្វាន់ Africa Cup of Nations ដែលត្រូវប៉ះហ្គាណា នៅទីក្រុង Yaounde របស់កាមេរូននាថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

លោកបានខកខានការប្រកួតបើកឆាកក្នុងពូល C របស់ពួកគេ ដែលបានឈ្នះលើក្រុមកោះកូម៉ូរ៉ូកាលពីថ្ងៃចន្ទ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ នៅពេលធ្វើដំណើរទៅដល់ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅប្រទេសកាមេរូននេះ។

Aubameyang បានលើកឡើងថា លោកមានសុខភាពល្អ បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ១សប្តាហ៍នៅឯបន្ទប់របស់លោក។

ប៉ុន្តែស្របពេលដែលកីឡាករ Aubameyang វិលត្រឡប់ទៅចូលរួមជាមួយក្រុមវិញ ខណៈពួកគេខិតខំដើម្បីឆ្ពោះទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនោះ ក្រុមជម្រើសជាតិហ្គាបុង ត្រូវតែប្រកួតដោយគ្មានគ្រូបង្គោល Patrice Neveu ដោយសារលោកវិជ្ជមានកូវីដ១៩ ដែរ។

ជាមួយគ្នានោះ ខ្សែការពារ Lloyd Palun និងខ្សែប្រយុទ្ធ Kevin Mayi ក៏នឹងខកខានការប្រកួតផងដែរ បន្ទាប់ពីលាប់ជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹង ពីសហព័ន្ធបាល់ទាត់ហ្គាបុង៕