(លីវើភូល)៖ ជំនួបក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup រវាងហង្សក្រហម Liverpool និង Arsenal បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នានៅកីឡដ្ឋាន Anfield បើទោះបីជាកាំភ្លើងធំលេងតែគ្នា ១០នាក់ក៏ដោយចាប់ពីនាទី២៤ មក។

ខ្សែការពារអន្តរជាតិស្វីស Granit Xhaka ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន នៅពេលបង្កកំហុសដោយទាត់ខ្សែបម្រើ Diogo Jota ឲ្យចុកឆ្អល់ នៅពេល Andrew Robertson បញ្ជូនបាល់ចូលប្រអប់គ្រោះថ្នាក់។

នេះជាកាតក្រហមលើកទី៥ របស់កីឡាករ Xhaka ច្រើនជាងកីឡាករណាៗទាំងអស់នៅ Premier League គិតចាប់តាំងពីរូបគេផ្លាស់មកចូលរួមជាមួយ Arsenal ដំបូងនារដូវកាលឆ្នាំ២០១៦-២០១៧ មក។

Liverpool ដែលអវត្តមានខ្សែប្រយុទ្ធសំខាន់ទាំង ២រូបរួមមាន Mohamed Salah និង Sadio Mane ផងនោះ ដោយសារជាប់កាតព្វកិច្ចលេងឲ្យជម្រើសជាតិនៅពាន Africa Cup of Nations ហាក់ដូចខ្សត់គ្រាប់បាល់ ដ្បិតមានតែ Diogo Jota, Takumi Minamino និង Roberto Firmino ជាអ្នករត់មុខ ដោយពួកគេត្រូវធ្វើដំណើរទៅកីឡដ្ឋាន Emirates នារាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយប្រកួតជើងទី២ ដើម្បីស្វែងរកកៅអីផ្តាច់ព្រ័ត្រឡើងទៅប៉ះតោខៀវ Chelsea ដែលបានទម្លាក់ Tottenham Hotspur ក្នុងលទ្ធផល ៣-០ ទាំង ២ជើងរួចមក៕