(យ៉ាអូន)៖ ទីបំផុតកាមេរូន ដែលជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ CAF Africa Cup of Nations 2021 បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេហើយ ក្នុងចំណោមជើងខ្លាំងទាំង ២៤ក្រុមដែលឡើងមកលេងជុំផ្តាច់ព្រ័ត្រនេះ។

កាមេរូន ឆ្លងកាត់ ២ប្រកួត ឈ្នះទាំងអស់ដោយរកបាន ៦ពិន្ទុពេញឈរនៅកំពូលតារាងនៃពូល A ដ៏រឹងមាំ នៅពេលវាយបកឈ្នះអេត្យូពី ៤-១ ក្នុងប្រកួតទី២ នាយប់មិញទៀត ក្រោយថ្ងៃប្រកួតបើកឆាកលេងឈ្នះ Burkina Faso ២-១ ផងដែរ។

កីឡាករប្រធានក្រុម Vincent Aboubakar បន្តរកបាន ២គ្រាប់ទៀត បន្ថែមលើ ២គ្រាប់ប្រកួតដំបូងដែលធ្វើឲ្យរូបគេ កើនបាន ៤គ្រាប់ច្រើនជាងគេបណ្តោះអាសន្នក្នុងយុទ្ធនាការ ២ឆ្នាំម្តងរបស់ពួកគេ និងក្នុងនាមជាអតីតក្រុមជើងឯក ពាន Africa Cup of Nations ៦សម័យកាលមកនេះ ហើយក៏ជាគ្រាប់ទី៥ របស់គេផងដែរក្នុងចំណោម ១០ប្រកួតនៅ Nations Cup និងរកបានតែ ១គ្រាប់ប៉ុណ្ណោះកាលកាមេរូន ឈ្នះជើងឯកចុងក្រោយនាឆ្នាំ២០១៧ មក។

កាមេរូន ត្រូវលេងបង្រ្គប់កិច្ចទល់នឹង Cape Verde នាថ្ងៃចន្ទសប្តាហ៍ក្រោយ និងរង់ចាំ ១៥ក្រុមទៀត ដើម្បីលេងវគ្គ ១៦ក្រុម ដ្បិតលេខ៣ ល្អបំផុតចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើសឡើងទៅវគ្គចាញ់-ធ្លាក់បន្តទៀតដែរ៕