banner

(សេអ៊ូល)៖ ក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តរបស់កូរ៉េខាងត្បូង LG Energy Solution (LGES) គ្រោងនឹងបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Honda Motor Co Ltd របស់ប្រទេសជប៉ុន ដើម្បីបង្កើតរោងចក្រផលិតអាគុយសម្រាប់រថយន្តនៅសហរដ្ឋអាមេរិក។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។

ថាមពលអាគុយដ៏មានសក្តានុពលរួមគ្នារវាងក្រុមហ៊ុន LGES និង Honda អាចនឹងមានតម្លៃដល់ទៅ ៤ពាន់ពាន់លានវ៉ុន (ប្រហែល ៣.៤ពាន់លានដុល្លារអាមេរិក) និងមានសមត្ថភាពផលិតអាគុយប្រចាំឆ្នាំរហូតដល់ ៤០ជីហ្គាវ៉ាត់ម៉ោង (GWh) ដែលគ្រប់គ្រាន់សម្រាប់ផ្តល់ថាមពលដល់រថយន្តអគ្គិសនីចំនួន ៦០០,០០០គ្រឿង។

ក្រុមហ៊ុន LGES ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ LG Chem Ltd (បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LG Group) បានគ្រប់គ្រងជាង ២០ ភាគរយនៃទីផ្សារផលិតអាគុយរថយន្ត ហើយបានផ្គត់ផ្គង់ឱ្យទៅក្រុមហ៊ុនផលិតរថយន្តមួយចំនួន រួមមានTesla Inc, General Motors Co និង Volkswagen AG ផងដែរ។

ក្រុមហ៊ុន LGES មានរោងចក្រផលិតអាគុយនៅសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ប៉ូឡូញ និងឥណ្ឌូនេស៊ី ហើយគ្រោងនឹងវិនិយោគទឹកប្រាក់សរុបចំនួន ៥.៦ពាន់ពាន់លានវ៉ុនទៅអាមេរិកខាងជើងនៅឆ្នាំ ២០២៤ ដើម្បីធានាបាននូវសមត្ថភាពផលិតលើសពី ១៦០ GWh នៅក្នុងឆ្នាំ ២០២៥។

គួរជម្រាបផងដែលថា ក្រុមហ៊ុន LGES បានបង្កើតរោងចក្រថ្មីចំនួនពីរនៅសហរដ្ឋអាមេរិកដែលបានសាងសង់រួមគ្នាជាមួយក្រុមហ៊ុន GM ដែលមានទីតាំងនៅរដ្ឋ Ohio និងរដ្ឋ Tennessee ហើយក៏បានបណ្តាក់ទុនជាមួយក្រុមហ៊ុន Stellantis NV ផងដែរ៕