(ភ្នំពេញ)៖ ការអប់រំ មានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍកុមារ។ ការអប់រំមួយដ៏ល្អ ជួយអប់រំ ផ្តល់ព័ត៌មាន និងធ្វើឲ្យកុមារចេះគិតពិចារណា ដោយមានហេតុផល។ ដូចទស្សនវិទូបុរាណម្នាក់ បានពោលថា «ប្រសិនបើផែនការរបស់អ្នក សម្រាប់រយៈពេលមួយឆ្នាំ អ្នកត្រូវស្ទូងស្រូវ។ ប្រសិនបើអ្នកផែនការ របស់អ្នក សម្រាប់ដប់ឆ្នាំ អ្នកត្រូវដាំដើមឈើ។ ប្រសិនបើផែនការរបស់អ្នក សម្រាប់១០០ឆ្នាំ អ្នកត្រូវផ្តល់ការអប់រំដល់កុមារ»

ដោយសារការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តគំនិតផ្តួចផ្តើម របស់ខ្លួនជាងពីរឆ្នាំកន្លងទៅនេះ ដើម្បីជួយលើកកម្ពស់ការសិក្សារបស់កុមារ ដោយផ្តល់សម្ភារសិក្សា និងមេរៀនអប់រំជាច្រើន នៅតាមសាលារៀនជាច្រើន នៅក្នុងប្រទេសកម្ពុជា។

បន្ទាប់មក ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការឧបត្ថម្ភគាំទ្រ និងឥទ្ធិពលវិជ្ជមានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស មកលើវិស័យអប់រំ ក្នុងប្រទេសកម្ពុជា នៅក្នុងពិធីពិសេសមួយ ដែលបានធ្វើឡើងនៅក្រសួងក្រោមអធិបតីភាពលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រគល់ លិខិតថ្លែងអំណរគុណ និងមេដាយតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដល់នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen និងមន្ត្រីតំណាងក្រុមហ៊ុន។

លិខិតថ្លែងអំណរគុណ និងមេដាយ ត្រូវបានប្រគល់បន្ទាប់ពីណាហ្គាវើលដ៍បេះដូងសប្បុរស បានបំពេញកាតព្វកិច្ចដោយជោគជ័យពាក់ព័ន្ធ នឹងអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ឆ្នាំ២០១៩សម្រាប់កម្មវិធីចែកសម្ភារសិក្សា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ។ មានសិស្សានុសិស្សប្រមាណ ២៥,៣៨៥នាក់ ទៅទូទាំង១១ខេត្ត បានទទួលប្រយោជន៍ពីសកម្មភាពដែលបានធ្វើឡើងក្នុងឆ្នាំ២០១៩។

លោកស្រី ឃុន រចនា បានថ្លែងថា «តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការឧបត្ថម្ភគាំទ្រ និងការសហការ យូរអង្វែងរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ និងសូមអបអរសាទរ ដល់ស្នាដៃដែលណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើ៣ឆ្នាំកន្លងទៅនេះ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍បេះដូងសប្បុរសផងដែរ ចំពោះការឧបត្ថម្ភម៉ាស់ ជែលលាងដៃ និងអាល់កុលដល់ក្រសួង កាលពីខែមេសា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩»

សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងណាហ្គាវើលដ៍បេះដូងសប្បុរស បានបន្តអនុស្សរណៈនៃការយោគយល់គ្នា ដែលអនុញ្ញាតឲ្យកម្មវិធី ចែកសម្ភារសិក្សា បន្តរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សា៦០ នៅក្នុងខេត្ត១២ ដើម្បីចែកសម្ភារសិក្សាចាំបាច់ ដល់សិស្សានុសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដោយមានបន្ថែមខេត្តពោធិ៍សាត់ ទៅក្នុងបញ្ជីផងដែរ។ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ ក៏ត្រូវបានពង្រីកទៅកាន់សាលារៀននៅក្នុងខេត្ត៥ផងដែរ ដោយមានបន្ថែមខេត្តកំពង់ចាម។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា «ណាហ្គាវើលដ៍ មានកិត្តិយសយ៉ាងខ្លាំង ដែលបានបន្តការសហការជាមួយក្រសួង ទៅលើគំនិត ផ្តួចផ្តើមដើម្បីជួយលើកកម្ពស់វិស័យអប់រំ។ ដូចអ្នកប្រាជ្ញជនជាតិបារាំង Anatole France បានពោលថា «ការលើកទឹកចិត្ត មានសារសំខាន់ណាស់សម្រាប់ការអប់រំ»។ ជាមួយនឹងការផ្តល់សម្ភារសិក្សាដល់សិស្សទូទៅ និងកាតាបដល់សិស្សពូកែ មានន័យថា យើងបានលើកទឹកចិត្តពួកគេ ឲ្យកាន់តែប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរដែលនឹងផ្តល់ឲ្យពួកគេ មានឱកាសទទួលបានអនាគតកាន់តែភ្លឺស្វាង»

លោក Pern Chen បានធ្វើការកត់សម្គាល់ផងដែរថា កម្មវិធីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យ បានផ្តល់ចំណេះដឹងសំខាន់ៗ ស្តីពីវិធីកាត់បន្ថយ ហានិភ័យអគ្គិភ័យ វិធីបង្ការ និងវិធីដោះស្រាយ នៅពេលមានបញ្ហាអគ្គិភ័យនៅក្នុងផ្ទះ និងអគារ។ បំពង់ពន្លត់អគ្គិភ័យចំនួន៦៣ ត្រូវបានឧបត្ថម្ភដល់សាលារៀន និងសហគមន៍ព្រមទាំងមានការផ្តល់ការបង្ហាញអំពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធីពន្លត់អគ្គិភ័យផងដែរ។

លោក Pern Chen បានបន្ថែមថា «កម្មវិធីចុះទៅតាមសាលារៀនរបស់យើង គឺជាផ្នែកស្នូលនៃកម្មវិធីលើកកម្ពស់ វិស័យអប់រំ ដែលជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់ទាំង៤ របស់យើងខណៈសសរស្តម្ភ៣ទៀត ផ្តោតទៅលើ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងពីឆ្នាំ២០១៤មក សកម្មភាពរបស់យើង បានជួយលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ជាង៤៥៦,០០០នាក់ជាពិសេសកុមារ»