(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់សប្បុរសធម៌ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្អែកនេះហើយ ក្រោយដំណើរការប្រកួតជាង ១ខែកន្លងទៅ ស្របពេលគណៈកម្មការរៀបចំប្រមូលបានថវិកាសប្បុរសធម៌ជិត ២ម៉ឺនដុល្លារ សម្រាប់រួមចំណែកជួយកុមារកម្ពុជាតាមរយៈមន្ទីរពេទ្យគន្ធបុប្ផា។

លោក ហួត គឹមងួន ស្ថាបនិកពានរង្វាន់សប្បុរសធម៌នេះបានឲ្យដឹងថា កម្មវិធីនេះ បានចាប់ផ្ដើមការប្រកួតតាំងពីដើមខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដោយមាន ១០ក្រុមចូលរួម ជាមួយរូបមន្ដប្រកួតសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម មានន័យថា ក្រុមលេខ១ ដល់លេខ៤ នឹងត្រូវឡើងវគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៣។

ជាលទ្ធផលក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សម្រាប់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្អែកនេះ រួមមានក្រុមកំពូលតារាង 7NG ត្រូវជួបក្រុមលេខរៀងទី៤ 12 Happy ខណៈ ១គូទៀត ក្រុមមហាហង្សអលស្ដារ ដែលឈរលេខរៀងទី៣ ត្រូវជួបក្រុមឈរលេខរៀងទី៤ គឺក្រុមបាល់ទាត់ហនុមាន។ ការប្រកួតវគ្គខ្វែងនេះនឹងធ្វើឡើងនៅទីលានវិទ្យាល័យបឹងត្របែក។ រីឯការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២២ ខែមករា ខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។

ស្ថាបនិកពានសប្បុរសធម៌ខាងលើបន្ដថា «កម្មវិធីនេះរៀបចំឡើងក្នុងគោលដៅធំៗ៣ គឺទី១-ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជាយើង។ ទី២-ចង់ចែករំលែកនូវវប្បធម៌ជួយការងារសង្គម ក៏ដូចជាឲ្យយុវជនយើងងាកមករកការធ្វើការងារសង្គម និងលេងកីឡា ចៀសវាងការយកពេលវេលាទៅប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើម និងទី៣-ដើម្បីរំឭកគុណលោកវេជ្ជបណ្ឌិត Beat Richner ដែលលោកបានពលីជីវិតសម្រាប់កុមារកម្ពុជា»

«ដូច្នេះថវិកាទទួលបានពីការចុះឈ្មោះចូលរួមរបស់ក្រុមទាំងអស់ និងថវិកាទទួលបានការឧបត្ថម្ភពីសប្បុរសជននានា នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលសរុបមកទល់ពេលនេះ យើងទទួលបានថវិកាសរុប ១៧,០០០ដុល្លារ។ ខ្ញុំពិតជាសប្បាយចិត្តចំពោះតួរលេខមួយនេះ ទោះបីមិនច្រើន ក៏ជាការរួមចំណែកជួយការងារសង្គម ពិសេសរួមចំណែកជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា»។ លោក ហួត គឹមងួន បន្ថែម។

គួរដឹងថា ក្នុងការប្រកួតពានរង្វាន់សប្បុរសធម៌ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផានេះ សម្រាប់ក្រុមទទួលបានជយលាភី គឺពុំទទួលបានប្រាក់រង្វាន់លើកទឹកចិត្តអ្វីនោះទេ ដោយគ្រាន់តែទទួលបានពានអនុស្សាវរីយ៍ ១ប៉ុណ្ណោះ។ ចំណែកថវិកាទាំងអស់ ទាំងការចុះឈ្មោះ និងការឧបត្ថម្ភពីសប្បុរសជន នឹងត្រូវប្រគល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕