(បរទេស)៖ WhatsApp ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០០៩ និងត្រូវបានក្រុមហ៊ុន Meta (ពីមុន Facebook) ទិញយកកាលពីឆ្នាំ ២០១៤ ក្នុងតម្លៃជាង ១៩ពាន់លានដុល្លារ ព្រមទាំងបានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតនៅលើពិភពលោកកាលពីឆ្នាំ ២០១៥ ហើយបើគិតត្រឹមឆ្នាំ២០២០គឺមានអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់នៅជុំវិញពិភពលោក។

ត្បិតតែកម្មវិធីមួយនេះមានការគាំទ្រ និងពេញនិយមក៏ពិតមែន ប៉ុន្តែវាក៏ត្រូវបានបណ្ដាញប្រទេសមួយចំនួននៅលើពិភពលោកហាមឃាត់ ការ ប្រើប្រាស់វាផងដែរ។ តើប្រទេសណាខ្លះដែលហាមឃាត់ការប្រើប្រាស់កម្មវិធី WhatsApp?

ប្រទេសចិន៖ វាជារឿងធម្មតានោះទេសម្រាប់ប្រទេសចិនដែលហាមឃាត់ការប្រើប្រាស់កម្មវិធីរបស់អាមេរិក ឬកម្មវិធីដែលមិនមែនបង្កើតដោយក្រុមហ៊ុន ក្នុងស្រុក នោះ។ ជាក់ស្ដែងតាមរយ:ការចេញផ្សាយរបស់សារព័ត៌មាន The New York Times បានឱ្យដឹងថា កម្មវិធី WhatsApp ត្រូវបានហាមឃាត់ជាស្ថាពរនៅក្នុងប្រទេសចិននៅខែកញ្ញា ឆ្នាំ២០១៧។

ប្រទេសអ៉ីរ៉ង់៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានស្នើឱ្យបិទការចូលប្រើប្រាស់ WhatsApp នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Abdolsamad Khorramabadi ប្រធានគណៈកម្មាធិការឧក្រិដ្ឋកម្មអ៊ីនធឺណេតរបស់ប្រទេសនេះ បាននិយាយថា «ហេតុផលដែលហាមឃាត់កម្មវិធី WhatsApp នោះគឺដោយសារតែ ស្ថាបនិក Facebook លោក Mark Zuckerberg គឺជាអ្នកជាតិនិយមជ្វីហ្វ ជាទូទៅគេហៅ Zionist (ពួកហ្នឹងហើយជាអ្នកបង្កើតរដ្ឋអ៉ីស្រាអែលសព្វថ្ងៃ)។

ប្រទេសតួកគី៖ រដ្ឋាភិបាលនៃប្រទេសតួកគីបានចេញសេចក្ដីសម្រេចជាផ្លូវការហាមឃាត់ការប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី។

ប្រទេសប្រេស៊ីល៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ លោក Diego Dzodan អនុប្រធាន Facebook ប្រចាំអាមេរិកឡាទីន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ចំពោះការមិនសហការជាមួយនឹងការស៊ើបអង្កេតពាក់ព័ន្ធកម្មវិធី WhatsApp ហើយព្រឹកព្រលឹមថ្ងៃបន្ទាប់ លោក Dzodan ត្រូវបានដោះលែង ដោយសារតែសាលាឧទ្ធរណ៍បានចាត់ទុកថាការចាប់ខ្លួននេះគឺមិនសមាមាត្រ និងមិនសមហេតុផល។

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទនៅក្នុងប្រទេសប្រេស៊ីលត្រូវបានបញ្ជាឱ្យបិទ WhatsApp រយៈពេល ៧២ម៉ោង សម្រាប់ការខកខានលើកទីពីរក្នុងការសហការ។

ធនាគារកណ្តាលរបស់ប្រទេសប្រេស៊ីលបានចេញបញ្ជាទៅកាន់ក្រុមហ៊ុន Visa និង Mastercard នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបញ្ឈប់ការធ្វើការជាមួយ WhatsApp លើប្រព័ន្ធទូទាត់អេឡិចត្រូនិចថ្មីរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ធនាគារបានអះអាងថា ការសម្រេចចិត្តបិទការផ្តល់ជូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Facebook ត្រូវបានធ្វើឡើងដើម្បី «រក្សាបរិយាកាសប្រកួតប្រជែងគ្រប់គ្រាន់» នៅក្នុងកន្លែងទូទាត់ប្រាក់តាមទូរស័ព្ទ និងដើម្បីធានា «ដំណើរការនៃប្រព័ន្ធទូទាត់ដែលអាចផ្លាស់ប្តូរបាន លឿន សុវត្ថិភាព។ តម្លាភាព បើកចំហ និងតម្លៃទាប»

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន WhatsApp មិនបានបិទ ឬហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសប្រេស៊ីលឡើយ។

អ៊ូហ្គង់ដា៖ រដ្ឋាភិបាលនៃប្រទេសអ៊ូហ្គង់ដាបានហាមឃាត់ WhatsApp និង Facebook រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដើម្បីអនុវត្តពន្ធលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកប្រើប្រាស់នឹងត្រូវគិតប្រាក់ប្រមាណ ១,៧ដុល្លារក្នុងមួយថ្ងៃ ដើម្បីចូលប្រើសេវាកម្មទាំងនេះ។

អេមីរ៉ាតអារ៉ាប់រួម៖ បានហាមឃាត់ការជជែកជាវីដេអូនៅលើកម្មវិធី WhatsApp និងការខលតាមរយ: VoIP កាលពីដើមឆ្នាំ ២០១៣ ដោយសារតែអ្វីដែលត្រូវបានរាយការណ៍ជាញឹកញាប់ថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្មនៃគេហដ្ឋានរបស់ពួកគេដែលត្រូវបានដាំដុះដោយអ្នកផ្តល់សេវាទូរគមនាគមន៍ដែលគ្រប់គ្រងដោយជាតិ។

ប្រទេសគុយបា៖ នៅខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលគុយបាបានបិទការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមទាំង WhatsApp ផងដែរ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល។

ប្រទេសសំប៊ី៖ នៅខែសីហា ឆ្នាំ២០២១ អង្គការសិទ្ធិឌីជីថលដែលមានឈ្មោះថា Access Now បានរាយការណ៍ថា WhatsApp រួមជាមួយនឹងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនផ្សេងទៀតកំពុងត្រូវបានរារាំងនៅក្នុងប្រទេសសំប៊ី (Zambia) សម្រាប់រយៈពេលនៃការបោះឆ្នោត។ អង្គការនេះបានរាយការណ៍ពីការធ្លាក់ចុះនៃអ្នកប្រើប្រាស់កម្មវិធីមួយនេះយ៉ាងខ្លាំង ទោះបីជារដ្ឋាភិបាលរបស់ប្រទេសនេះមិនបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការអំពីការហាមឃាត់ក៏ដោយ។

ប្រទេសស្វីស៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃនេះ ១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោធារបស់ប្រទេសស្វីស ត្រូវបានហាមឃាត់ការប្រើប្រាស់កម្មវិធីផ្ញើសារ និងជជែកកម្សាន្ត WhatsApp, Signal និង Telegram ក្រោមហេតុផលសុវត្ថិភាពទិន្នន័យ និងតម្រូវឱ្យប្រើប្រាស់កម្មវិធីក្នុងស្រុកជំនួសវិញ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគឺគ្រាន់តែជាព័ត៌មានដែលទាក់ទងទៅនឹងបណ្ដាប្រទេសមួយចំនួនដែលបានបិទ ឬហាមឃាត់ការប្រើប្រាស់ ក្នុង រយ:ពេលខ្លី និងបានហាមឃាត់ការប្រើជាផ្លូវការតែម្ដង៕