(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង នាព្រឹកថ្ងៃទី១៤ មករា ២០២២ បានប្រារព្ធពិធីបញ្ចប់គ្រោងអគារដល់ជាន់កំពូល នៃ ជីប ម៉ុង ថៅវើ ដែលជាអគារពាណិជ្ជកម្មចម្រុះលំដាប់ អន្តរជាតិ វិនិយោគក្រោមទឹកប្រាក់ ២៣០លានដុល្លារសហរដ្ឋអាមេរិចទាំងថ្លៃដីនិងថ្លៃសាងសង់ ស្ថិតនៅតាមបណ្ដោយ មហាវិថី សហព័ន្ធរុស៊្សី រាជធានីភ្នំពេញ។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ការបញ្ចប់គ្រោងអគារដល់កំពូលជាន់ទី ៤៥នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយដែល បញ្ជាក់ឲ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និង ក្រុមការងារទាំងអស់ ក៏ដូចជាការអភិវឌ្ឍឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមចក្ខុវិស័យវែងឆ្ងាយ និង យុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច។

ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និង ទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏បានបង្កើតឱកាសការងារជាច្រើន ដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗ ជុំវិញតំបន់នេះផងដែរ។ នេះបើយោងតាមការបញ្ជាក់ របស់លោក Simon DELL អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្ត និង អភិវឌ្ឍន៍ ពាណិជ្ជកម្ម នៃក្រុមហ៊ុន ជីប ម៉ុង។

គួរបញ្ជាក់ផង ដែរ អគារ ជីប ម៉ុង ថៅវើ នេះមានកម្ពស់១៨៥ម៉ែត្រ សាងសង់ លើ ផ្ទៃដី ទំហំ ១៤ ០៤២ ម៉ែត្រការ៉េ។ អគារនេះ ត្រូវបានសាងសង់ជាមួយស្ថាបត្យកម្មដ៏វិចិត្រ ដែលនឹងបម្រើដល់វិស័យសំខាន់ៗ ចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា ដូចជា ផ្នែកបដិសណ្ឋារកិច្ច ការិយាល័យសម្រាប់ក្រុមហ៊ុនសហគ្រាស ផ្សារទំនើប និង ការកម្សាន្ត ជាដើម។

អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ នេះមានលក្ខណៈពិសេសៗដូចជា៖
* ចំណតយានយន្ត៨ជាន់
* ផ្សារ ទំនើប ជីប ម៉ុង ម៉ល ចំនួន៥ជាន់ ដែលនឹងផ្ដល់នូវបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែប
* ធនាគារ ជីប ម៉ុង
* រោងភាពយន្តខ្នាតធំជាមួយសាលប្រណីតចំនួន៥
* ការិយាល័យធ្វើ ការ ទំនើប ៨ជាន់
* សណ្ឋាគារលំដាប់ពិភពលោក ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ គ្របដណ្ដប់២០ជាន់ខាងលើដែលនឹងផ្ដល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ ជាមួយ បន្ទប់ប្រណីតចំនួន៣០០បន្ទប់
* ជាពិសេស សាលប្រជុំដ៏ទំនើប អាងហែលទឹក និង កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និង ស្កាយបារ៍ជាមួយបរិយាកាស និងទេសភាពដ៏ស្រស់ស្អាតនៃតំបន់ដ៏រស់រវើកនេះ៕