(អាមេរិក)៖ តារាទូរទស្សន៍ល្បីឈ្មោះរបស់អាមេរិក និងជាអ្នកជំនួញស្ត្រី អ្នកនាង Kylie Jenner បានក្លាយជាស្រ្តីដំបូងបង្អស់លើពិភពលោក ដែលមានចំនួនអ្នក Follow ច្រើនបំផុតលើបណ្តាញសង្គម Instagram រហូតដល់ ៣០០លាននាក់ ដោយផ្អែកទៅលើទិន្នន័យដែលបង្ហាញ នៅថ្ងៃទី១៣ ខែមករា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

គណនី Instagram របស់តារាល្បីវ័យ ២៤ឆ្នាំរូបនេះ បានវ៉ាដាច់តារាចម្រៀងស្រី Ariana Grande និងទៅលើនៅលេខរៀងទី១តែម្តង ក្នុងនាមស្ត្រីដែលមានចំនួនអ្នក Follow ច្រើនបំផុត។ តែយ៉ាណា បើយើងគិតសរុបមកវិញ មនុស្សដែលមានចំនួនអ្នកតាមដានលើ Instagram ច្រើនបំផុតលើសគេលើលោកវិញ គឺបានទៅលើកីឡាករបាល់ទាត់ Cristiano Ronaldo ជាមួយនឹងចំនួនអ្នកតាមដានរហូតដល់ ៣៨៩លាននាក់ និងតាមពីក្រោយដោយកីឡាករ Lionel Messi មានអ្នកតាមដានចំនួន ៣០០លាននាក់។

គួរជម្រាបថា តារាទូរទស្សន៍ល្បីឈ្មោះ Kylie Jenner ដែលគេស្គាល់ថា គឺជាប្រពន្ធរបស់តារាចម្រៀងរ៉េប Travis Scott មិនត្រឹមតែធ្វើលើការងារសិល្បៈនោះទេ ពោលគឺជាអ្នកជំនួយស្ត្រីដ៏ជោគជ័យម្នាក់ផងដែរ។ តារារូបនេះ បានបើកក្រុមហ៊ុនគ្រឿងសំអាងផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Kylie Cosmetics» និងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក៕