(សេនហ្វ្រេនស៊ីស្កូ)៖ និយតករសុវត្ថិភាពរថយន្តរបស់ប្រទេសកាណាដាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថាខ្លួនបានបើកការស៊ើបអង្កេតលើប្រព័ន្ធម៉ាស៊ីនកំដៅនៃរថយន្ត Model 3 និង Model Y របស់ក្រុមហ៊ុន Tesla បន្ទាប់ពីមានការត្អូញត្អែរពីអ្នកប្រើប្រាស់ចំនួន ១៦នាក់អំពីដំណើរការអំឡុងពេលអាកាសធាតុត្រជាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។

នៅក្នុងឆ្នាំ ២០២០ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើ Twitter ថា «ម៉ាស៊ីនបូមកំដៅ Model 3 គឺជាវិស្វកម្មដ៏ល្អបំផុតដែលខ្ញុំបានឃើញនាពេលមួយរយៈនេះ» ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន Tesla មិនបានឆ្លើយតបនឹងសំណើរបស់ Reuters សម្រាប់ការអត្ថាធិប្បាយទាក់ទងទៅនឹងបញ្ហាប្រព័ន្ធម៉ាស៊ីនកំដៅរបស់រថយន្តនោះទេ។

អាជ្ញាធរកាណាដាកំពុងតែធ្វើការស៊ើបអង្កេតលើប្រព័ន្ធម៉ាស៊ីនកំដៅរថយន្តទាំងពីរម៉ូឌែលរបស់ក្រុមហ៊ុន Tesla ដោយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពជាខ្លាំងទាក់ទងទៅនឹងបញ្ហានេះ ហើយអាជ្ញាធរតម្រូវឱ្យជូនដំណឹងនេះទៅម្ចាស់រថយន្តទាំងអស់ឱ្យបានដឹង នឹងមានការប្រុងប្រយ័ត្នខ្ពស់ទៅលើរឿងនេះ។

គួរជម្រាបផងដែលថា ទាក់ទងទៅនឹងបញ្ហានេះគឺយើងមិនទាន់ដឹងច្បាស់ទេថាបណ្តាលមកពីបញ្ហាអ្វី ដូច្នេះមានតែរង់ចាំពីការជូនដំណឹងរបស់អាជ្ញាធរកាណាដាប៉ុណ្ណោះ៕