(ភ្នំពេញ)៖ តារាសម្ដែងសាច់សរខ្ចីដូចបណ្ដូលចេក ចូលចិត្តបញ្ចេញដើមទ្រូងមូលក្បំ ទាក់ទាញក្រសែភ្នែកបុរសៗ កញ្ញា អៀ ម៉េងលិ ហៅស្រីលិ បានដាច់ចិត្តទម្លាយភាពឈឺចាប់របស់ខ្លួនជាសាធារណៈ ប្រាប់ដល់អ្នកគាំទ្រ បន្ទាប់ពីលាក់ទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ ភាពឈឺចាប់របស់ស្រីស្រស់រូបនេះ គឺបន្ទាប់ពីរូបនាង ត្រូវរស់នៅគ្មានឪពុកហៅនឹងគេ អស់រយៈពេលជាង២០ ព្រោះតែឪពុកបានចុះចោលនាងនិងម្ដាយ ទៅមានគ្រួសារថ្មី ដោយគ្មានការទទួលខុសត្រូវចិញ្ចឹមបីបាច់រូបនាង ដូចឪពុកគេដទៃទៀត។

ការទម្លាយភាពឈឺចាប់ ដែលបានបៀមលាក់ទុក តឹងណែងក្នុងទ្រូងអស់រយៈពេលជាង២០ឆ្នាំនៅពេលនេះ គឺដោយសារតែឪពុករបស់តារាសម្ដែង អៀ ម៉េងលិ មានបំណងចង់វិលត្រឡប់មករករូបនាងវិញ និងចង់យកស្រីលិទៅរស់នៅជាមួយ ប៉ុន្តែត្រូវបាននាងបដិសេធ ហើយប្រកាសថា ក្នុងជាតិនេះគឺនាងរស់នៅតែជាមួយអ្នកម្ដាយ គឺមានក្ដីសុខគ្រប់គ្រាន់ហើយ។

ថ្លែងប្រាប់ Fresh News Plus តារាសម្ដែងស្រីពោរពេញដោយមន្ដស្នេហ៍ និងចូលចិត្តបញ្ចេញភាពសិចស៊ីកញ្ញា អៀ ម៉េងលិ បានឲ្យដឹងថា និយាយរួមទៅរឿងរ៉ាវទាំងអស់នេះ បានកើតឡើងលើរូបនាង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបើនឹកឃើញពេលណា គឺឈឺចាប់ពេលនោះ។ នៅពេលនេះ ស្រាប់តែលេចវត្តមានឪពុករបស់នាង មកចង់យករូបនាងទៅរស់នៅជាមួយផ្ដាច់ ដោយមិនចង់ឲ្យរស់នៅជាមួយម្ដាយតទៅទៀត ជាហេតុធ្វើឲ្យ អៀ ម៉េងលិ ទទួលយកមិនបាន ទោះបីជាឪពុករូបនោះ ត្រូវបាននាងអះអាងថា មានប្រាក់វាល់លានដុល្លារក្ដី។

ស្រីស្រស់មានរាងរៅស្រឡូនគួរឲ្យគ្រឺខ្នាញ់ អៀ ម៉េងលិ បានបន្ថែមទៀតថា ឪពុករបស់នាង គឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់ តែអ្វីដែលមិនមាននោះ គឺទឹកចិត្តជាឪពុកចំពោះរូបនាង និងការដាច់ចិត្តចុះចោលរូបនាង និងគ្រួសារ អស់រយៈពេលជាង២០ឆ្នាំ ហើយពេលត្រឡប់មករកកូនវិញ ធ្វើខ្លួនហាក់បីដូចជាគ្មានកំហុស គ្មានរឿងអ្វីកើតឡើងទាល់តែសោះ។ ក្នុងសម្ដីម៉ឺងម៉ាត់ បង្កប់ដោយភាពក្លាហាន តារាស្រី អៀ ម៉េងលិ និយាយថា «គាត់ (ប៉ា) ត្រឡប់មកវិញធ្វើដូចជាគាត់ អត់មានកំហុសអ្វីតែម្ដង..គាត់មករកកូនវិញ ប៉ុន្តែគាត់ធ្វើចរិតដូចគ្មានកំហុសសោះ ដូចអត់ដឹងមានរឿងអ្វីកើតឡើង បែរជាគាត់ធ្វើបន្ទប់មួយ ហើយគាត់មកលួងលោមខ្ញុំត្រូវតែទៅនៅជាមួយគាត់»

តារាសម្ដែងវ័យក្មេងសំឡេងស្រទន់រូបនេះបន្តទៀតថា «គាត់ជាឪពុករបស់ខ្ញុំ ខ្ញុំមិនដែលភ្លេចគុណគាត់ទេ ប៉ុន្តែត្រង់ថា ភាពឈឺចាប់ ការលំបាកវេទនាដែលខ្ញុំទ្រាំរស់ជាមួយម៉ាក់របស់ខ្ញុំ រហូតមកដល់ថ្ងៃនេះ គឺគ្មានវត្តមានគាត់ទេ គាត់បានត្រឹមតែផ្ដល់កំណើតឲ្យខ្ញុំ ប៉ុន្តែពុំមានវត្តមានរស់នៅជាមួយខ្ញុំ និងម៉ាក់ទេ ហើយពេលខ្ញុំមានអ្វីៗគ្រប់យ៉ាងអាចរស់នៅបានដោយខ្លួនឯង គាត់ត្រឡប់មកវិញ ទាំងដែលចរិតឫកពាររបស់គាត់ ធ្វើឲ្យខ្ញុំមិនអាចទទួលយកបាន..!»

អៀង ម៉េងលិ បន្តទៀតថា ពេលដែលឪពុករបស់ខ្លួនចាកចេញទៅ ពុំបានផ្ដល់ថវិកា ឬការផ្គត់ផ្គង់អ្វីទាំងអស់ដល់រូបនាង និងគ្រួសារនោះទេ រយៈពេលជាង២០មកនេះ ពោលគឺចុះចោលទៅមានប្រពន្ធថ្មី និងផ្ដល់តែការចិញ្ចឹមបីបាច់ ទៅលើកូនក្រោយៗនេះប៉ុណ្ណោះ។ ម៉េងលិ បញ្ជាក់យ៉ាងច្បាស់ថា នៅពេលនេះ គឺនាងមានតែម្ដាយម្នាក់គត់ ដែលបានខំប្រឹងប្រែងតស៊ូលំបាកវេទនា ចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីតូចមក ហើយបើឲ្យនាងទៅរស់នៅជាមួយឪពុក ដែលធ្លាប់បន្សល់ទុកនូវភាពឈឺចាប់ដល់នាង អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺនាងមិនទៅជាដាច់ខាត ទោះឪពុករបស់នាងយកលុយមកឲ្យនាង រាប់លានដុល្លារក៏ដោយ៕