(ភ្នំពេញ)៖ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែមករានេះ បានរៀបចំពិព័រណ៍ម៉ានហ្គាជប៉ុន ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីរួមចំណែកលើកកម្ពស់ទម្លាប់ការអាននៅកម្ពុជា។

ពិព័រណ៌នេះបានធ្វើឡើងក្រោមវត្តមានលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងលោក ISOGAYA Hiroyuki នាយកមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន ការិយាល័យនៅភ្នំពេញផងដែរ។

លោក ISOGAYA Hiroyuki បានបញ្ជាក់ថា ម៉ានហ្គា ឬ Manga គឺជាសៀវភៅត្លុក ដែលមានតួអង្គច្រើន ទាំងតួអង្គល្អ តួអង្គអាក្រក់ និងតួអង្គជាច្រើនប្រភេទទៀត ដើម្បីឲ្យអ្នកអានអាចស្វែងយល់ពីអារម្មណ៍ វប្បធម៌ សង្គម និងទស្សនវិជ្ជាផ្សេងៗដែលបង្កប់ក្នុងសាច់រឿងម៉ានហ្គា ហើយកំពុងមានការពេញនិយមខ្លាំងនៅជប៉ុន និងលើពិភពលោក។

លោកបន្ដថា «គោលបំណងនៃកម្មវិធីនេះ គឺយើងចង់ឲ្យប្រជាជនកម្ពុជា បានស្គាល់អំពីសៀវភៅម៉ានហ្គារបស់ជប៉ុន ហើយតាមរយៈសៀវភៅនេះ ខ្ញុំចង់ណែនាំវប្បធម៌មួយដែលជនជាតិជប៉ុន និងជនបរទេសផ្សេងៗទៀត ពួកគាត់ចូលចិត្ត គឺហៅថា Cosplay។ ក្នុងកម្មវិធីនេះដែរ យើងខ្ញុំចង់ឲ្យប្រជាជនកម្ពុជា ធ្វើការប្រើប្រាស់ ដើម្បីចាប់ផ្ដើមនូវទម្លាប់ល្អមួយក្នុងការអាន»

ចំណែកឯកអគ្គរាជទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា ចំណុចពិសេសរបស់សៀវភៅម៉ានហ្គា គឺអ្វីៗក៏អាចសរសេរជាម៉ានហ្គាបានដែរ ទាំងកីឡា ម្ហូបអាហារ និងជីវភាពសិស្សានុសិស្សនៅជប៉ុនជាដើម តែងត្រូវបានអ្នកនិពន្ធយកមកតាក់តែងជាសៀវភៅ ហើយអ្នកចង់ស្វែងយល់ពីជីវភាពប្រជាជនជប៉ុន ក៏អាចស្វែងយល់តាមរយៈសៀវភៅម៉ានហ្គាបានដែរ។ លោកថា ម៉ានហ្គាងាយស្រួលក្នុងការអានជារឿងប្រលោមលោក។ ហេតុនេះហើយទើបធ្វើឲ្យម៉ានហ្គា ទទួលបានការគាំទ្រខ្លាំងនៅជប៉ុន និងពិភពលោក។

ទន្ទឹមជាមួយគ្នា លោក ហាប់ ទូច បានសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះវត្តមានរបស់សៀវភៅម៉ានហ្គានៅកម្ពុជា ពិសេសប្រសិនបើមានការបកប្រែជាភាសាខ្មែរទៀតកាន់តែប្រសើរ ដើម្បីជាភាពទាក់ទាញមួយក្នុងជំរុញ និងលើកទឹកចិត្តទម្លាប់ការអានរបស់ក្មេងៗ និងយុវជនកម្ពុជា ព្រោះម៉ានហ្គា មានទាំងរូបភាពផង និងអក្សរផង។ ដូច្នេះលោកគិតថា នេះជាមធ្យោបាយមួយដ៏ទាក់ទាញ ដើម្បីជំរុញការអានរបស់ក្មេង និងយុវជនកម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍ម៉ានហ្គា ឆ្នាំ២០២២ ខាងលើរៀបចំរយៈពេល ៥ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ និងថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២២ ជាមួយការសម្រិតសម្រាំងនូវសៀវភៅត្លុកបង្កប់នូវអត្ថន័យអប់រំ និងរឿងរ៉ាវជាច្រើន សម្រាប់បង្ហាញដល់អ្នកនិយមការអានឲ្យបានស្វែងយល់ពីអារម្មណ៍ វប្បធម៌ សង្គម និងទស្សនវិជ្ជាផ្សេងៗ៕