(ភ្នំពេញ)៖ លោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានក្រើនរំឮកឲ្យកីឡាករ-កីឡាការិនី ត្រូវខិតខំ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដើម្បីមានឱកាសចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាខែមីនា ឆ្នាំ២០២២ ខាងមុខ។

លោកបានគូសបញ្ជាក់បែបនេះ ក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៧១នាក់ ២៤សមាគម/ក្លិប ដែលធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន ៣៧វិញ្ញាសា។

អនុប្រធានសហព័ន្ធខាងលើបានចាត់ទុកព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីបង្ហាញ និងវាស់ស្ទង់សមត្ថភាព បច្ចេកទេសរវាងកីឡាករ-កីឡាការិនី បន្ទាប់ពីខំប្រឹងហ្វឹកហាត់កន្លងមក។ ដូច្នេះលោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យលាភី និងត្រៀមចូលរួមការប្រកួតជើងឯកអាស៊ាន លើកទី៩ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមីនាខាងមុខ ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។

ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ គ្រោងធ្វើការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២២។ នេះជាការការប្រកួតកម្រិតខ្ពស់ ដើម្បីស្វែងរកធនធានកីឡាករ-កីឡាការិនីឆ្នើមប្រកបដោយគុណភាពខ្ពស់ សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏យកឱកាសនេះ ដើម្បីសម្រួចបច្ចេកទេសរបស់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រម ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣ ផងដែរ៕