(ប៉ារីស)៖ ខ្សែប្រយុទ្ធ Lionel Messi នឹងខកខានប្រកួតលីគ Ligue 1 របស់ក្រុម Paris St. Germain ដែលត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Stade Brestois នាថ្ងៃសៅរ៍នេះ ដោយសារលោកបន្តធូរស្បើយ ក្រោយពីឆ្លងជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

«លោកកំពុងបន្តធ្វើការងារជាមួយបុគ្គលិកវេជ្ជសាស្ត្រ និងអនុវត្ត ហើយនឹងវិលត្រឡប់ចូលរួមជាមួយក្រុមវិញនៅសប្តាហ៍ក្រោយ» នេះបើតាម PSG បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករជាច្រើននាក់ដែលបានលាប់វិជ្ជមានកូវីដ១៩ នៅអំឡុងពេលឈប់សម្រាក ពីការប្រកួតលីគ Ligue 1 របស់បារាំង។

PSG បានបន្ថែមថា កីឡាករ Neymar ដែលបានរងរបួសកជើងកាលពីខែវិច្ឆិកាឆ្នាំមុននោះ ក៏នឹងខកខានការប្រកួតនាថ្ងៃសៅរ៍នេះដែរ ដោយលោកកំពុងបន្តហ្វឹកហាត់ម្នាក់ឯង មុនពេលត្រឡប់មកហ្វឹកហាត់ពេញលេញវិញ។

ក្លិបបារាំង PSG បាននាំមុខគេក្នុងតារាងលីគ Ligue 1 ពីពិន្ទុសរុប ៤៧ពិន្ទុពី ២០ប្រកួត មាន ១១ពិន្ទុនាំមុខក្រុម Nice នៅពេលពួកគេ (Nice) នឹងធ្វើជាម្ចាស់ផ្ទះប៉ះក្រុមភ្ញៀវ Nantes នៅថ្ងៃសៅរ៍នេះដែរ៕