(មេនឆេស្ទឺ)៖ ខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Cristiano Ronaldo ខ្សែបម្រើស្លាប Jadon Sancho និងខ្សែការពារ Harry Maguire និង Phil Jones នឹងវិលត្រឡប់ចូលក្រុមវិញ សម្រាប់ដំណើរទៅជួបក្រុម Aston Villa ក្នុងលីគ Premier League នាថ្ងៃសៅរ៍នេះ។ នេះបើតាមសម្តី អ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

កីឡាករទាំង ៤រូបខាងលើបានខកខានការប្រកួតក្នុងលទ្ធផលឈ្នះ ១-០ លើក្រុម Villa កាលពីថ្ងៃចន្ទក្នុងការប្រកួតជុំទី៣ នៃពាន FA Cup ដោយសារ Ronaldo មានបញ្ហាសាច់ដុំ ស្របពេលខ្សែការពារ Maguire និង Jones ក៏មានបញ្ហារបួសដែរ។

«ខ្ញុំគិតថា ពួកគេអាចចូលរួមប្រកួតបាននៅថ្ងៃនេះ» នេះបើតាមសម្តីលោក Rangnick បានប្រាប់អ្នកសារព័ត៌មាននាថ្ងៃសុក្រ។ «ពួកគេទើបតែបានហ្វឹកហាត់លើកដំបូង Cristiano បានហ្វឹកហាត់ម្សិលមិញ ហើយ Harry ខ្ញុំគិតថាបានហ្វឹកហាត់កាលពីម្សិលម្ងៃ។ ដូច្នេះដែរឥឡូវយើងត្រូវរង់ចាំសម្រាប់ការហ្វឹកហាត់ចុងក្រោយនៅរសៀលនេះ ប៉ុន្តែវាហាក់ដូចជាឥឡូវនេះ ពួកគេអាចចូលរួមប្រកួតបានសម្រាប់ថ្ងៃសៅរ៍»

United កំពុងឈរនៅលំដាប់ទី៧ ក្នុងតារាង Premier League មាន ៣១ពិន្ទុក្នុងដៃ មាន ៩ពិន្ទុលើសក្រុមលំដាប់ទី១៤ Villa បន្ទាប់ពីឆ្លងកាត់ ១៩ប្រកួត៕