(បរទេស)៖ កំណើនការលក់កុំព្យូទ័របានកើនឡើង ១៤.៨ភាគរយនៅក្នុងឆ្នាំ២០២១ ដែលការកើនឡើងនេះ ប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១២ ហើយការលក់ដែលកើនឡើងខ្ពស់ជាងគេបំផុតគឺ Desktops និង Workstations។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២។

ការនាំចេញកុំព្យូទ័បានកើនឡើងជាង ៣៤ភាគរយ បន្ទាប់ពីតួលេខនៃការលក់បានធ្លាប់ចុះ ចាប់ពីឆ្នាំ២០១៧មក ខណ:ដែលកំណើននៃការលក់ទទួលបានចំនួន ៣៤៩លានគ្រឿងនៅក្នុងឆ្នាំ២០២១។

សន្ទុះនៃការលក់បានកើនឡើងវិញសម្រាប់វិស័យមួយនេះគួរឱ្យកត់សម្គាល់បន្ទាប់ពីមានការធ្លាក់ចុះអស់រយៈពេលប៉ុន្មានចុងក្រោយឆ្នាំនេះ ដោយសារអ្នកប្រើប្រាស់មួយចំនួនបានផ្លាស់ប្តូរទៅប្រើប្រភេទ Tablets ជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ ហើយការងើបឡើងវិញម្តងទៀតគឺដោយសារតែតម្រូវការ ការធ្វើការងារនៅពីចម្ងាយ និងរៀនតាមរយៈអនឡាញ ក្នុងអំឡុងពេលកូវីដ ខណៈដែលពិភពលោកកំពុងតែមានកង្វះខាតបន្ទះឈីបជាសកល។

បើយោងតាមទិន្នន័យរបស់ស្ថាប័នវិភាគ IDC បានបញ្ជាក់ថាក្រុមហ៊ុនកុំព្យូទ័រធំៗដែលលក់ដាច់បំផុតក្នុងឆ្នាំ២០២១ រួមមាន Lenovo, HP, Dell, Apple, Asus និង Acer។

គួរជម្រាបផងដែរថា ទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាជីវកម្មលក់កុំព្យូទ័របានថយចុះក៏ដោយ ក៏ប្រព័ន្ធដំណើរការ Windows OS របស់ក្រុមហ៊ុន Microsoft នៅតែជាអាជីវកម្មដែលទទួលបានប្រាក់ចំណូលខ្ពស់រហូតដល់ ៥.៦៨ពាន់លានដុល្លារអាមេរិក ពីការលក់នៅក្នុងត្រីមាសទី៣ ដែលបានការកើនឡើង ១០ភាគរយបើធៀបនឹងឆ្នាំ២០២០៕