(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប TSMC បានបង្ហាញពីប្រាក់ចំណញក្នុងត្រីមាសទី៤ បានកើនឡើង ១៦.៤ភាគរយ ហើយក្រុមហ៊ុននេះរំពឹងថានឹងមានតម្រូវការបន្ទះឈីបខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយបន្តជាមួយនឹងផែនការឆ្នាំ ២០២១ របស់ខ្លួនសម្រាប់ការពង្រីកទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។

TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតនៅក្នុងពិភពលោក និងជាក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុន Apple និង Qualcomm ហើយក្រុមហ៊ុននេះបានបោះទុនទឹកប្រាក់ចន្លោះពី ៤០ ទៅ ៤៤ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២២ សម្រាប់ការបង្កើនសមត្ថភាពផលិតរបស់ខ្លួន ដែលកើនឡើងពី ៣០ពាន់លានដុល្លាអាមេរិកនៅក្នុងឆ្នាំ២០២១ ដែលវាជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុត។

គួរជម្រាបផងដែរថា តម្រូវការបន្ទះឈីបនឹងកើនឡើងកាន់តែខ្ពស់ដែលត្រូវបានជំរុញដោយតម្រូវការបច្ចេកវិទ្យាដូចជា AI និង 5G និងតម្រូវការស៊ីលីកុនល្បឿនលឿននៅក្នុងស្មាតហ្វូន កុំព្យូទ័រ រថយន្ត និងម៉ាស៊ីនគ្រប់ប្រភេទ៕