(អាមេរិក)៖ តារាសម្តែង និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់អាមេរិក តួអង្គ «Aquaman» គឺលោក Jason Momoa បានប្រកាសបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយភរិយា គឺ Lisa Bonet បន្ទាប់ពីមានទំនាក់ទំនង១៧ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Global News។

តាមរយៈបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់តារាសម្តែង Momoa បានបញ្ជាក់ប្រាប់អ្នកគាំទ្រ នាពេលថ្មីៗនេះ ពីមូលហេតុនៃការលែងលះគ្នាជាមួយភរិយាថា មិនមានបញ្ហាធំដុំអ្វីនោះទេ ពោលគឺអ្នកទាំងពីរបានចែកផ្លូវគ្នា ដោយសារមានរឿងជាច្រើនត្រូវបានផ្លាស់ប្តូរទៅតាមពេលវេលានៃចំណងស្នេហាប៉ុណ្ណោះ។ ក្នុងសេចក្តីប្រកាសនោះ តារារូបនេះបានសង្កត់ធ្ងន់ថា ត្បិតតែបានប្រកាសចែកផ្លូវគ្នាហើយមែន ប៉ុន្តែសេចក្ដីស្រលាញ់របស់ពួកគេនៅតែបន្តក្នុងនាមជាមិត្ត ហើយពួកគេដោះលែងគ្នា ដើម្បីស្វែងរកគោលដៅដែលប៉ងប្រាថ្នារៀងៗខ្លួន។

បើគេនៅចាំមិនភ្លេច ទំនាក់ទំនងស្នេហារវាង តារាសាច់ដុំក្នុងរឿង “Aquaman” Momoa និងតារាសម្ដែង Bonet ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈភាពយន្តកំប្លែង "The Cosby Show" (ដឹ ខសប៊ី សូ) បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយអ្នកទាំងពីរបានសម្រេចចិត្តរៀបការនៅឆ្នាំ២០១៧ និងបច្ចុប្បន្នពួកគេមានកូនជាមួយគ្នាពីរនាក់៕