(អាំស្ទើដាំ)៖ ប្រទេសនៅប្លុកអឺរ៉ុប ហូឡង់ និងដាណឺម៉ាក បានប្រកាសពីការធ្វើពហិការមិនបញ្ជូនមន្រ្តីទូតរបស់ខ្លួន ដើម្បីទៅចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិក រដូវរងារ Beijing Winter Olympics 2022 នៅចិនឡើយ ដោយព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងជំងឺកូវីដ-១៩។

នេះមានន័យថា ពួកគេបានក្លាយជាប្រទេសទី៦ ហើយដែលបដិសេធមិនបញ្ជូនមន្រ្តីមកចូលរួមបើកការប្រកួតកីឡា ៤ឆ្នាំម្តងនៅចិន ដើរតាមគន្លងរបស់អាមេរិក កាណាដា អូស្រ្តាលី និងអង់គ្លេស ដែលបានប្រកាសមិនចូលរួមដូចៗគ្នានាពេលកន្លង តែអត្តពលិកនឹងបញ្ជូនមកប្រជែងមេដាយជាធម្មតា។

អ្នកនាំពាក្យក្រសួងការបរទេសហូឡង់ លោក Frits Kemperman បានថ្លែងប្រាប់ South China Morning Post ថា «យើងបានកំពុងព្រួយបារម្ភពីការកើនឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ជំនួបប្រជុំនៅចិនខាងមុខ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ Winter Olympics ផងនោះ ដ្បិតអង្គប្រជុំអាចនិយាយពីបញ្ហាព្រួយបារម្ភនៃស្ថានភាពសិទ្ធិមនុស្សនៅទីនោះ ដូចដែលហូឡង់បានដឹងស្រាប់ ជាហេតុធ្វើឲ្យរដ្ឋាភិបាលមួយនេះ សម្រេចមិនបញ្ជូនមន្រ្តីរបស់ខ្លួនទៅចូលរួមតែម្តង»

តែយ៉ាណាកន្លងមក ហូឡង់ក៏បានធ្វើពហិការដូចគ្នាដោយមិនបានបញ្ជូនមន្រ្តីទូតរបស់ខ្លួនទៅចូលរួមបើកព្រឹត្តិការណ៍ Tokyo Olympic Games 2021 នៅជប៉ុនផងដែរ ក៏ព្រោះតែការរិតត្បិតនៃជំងឺកូវីដ-១៩។

ចិន ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាចម្រុះ Beijing Winter Olympics 2022 បន្ទាប់ពីទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូងនាឆ្នាំ២០១៨ នោះ នឹងចាប់ផ្តើមបើកសម្ភោធប្រកួតជាផ្លូវការចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២២ ខាងមុខ ដោយមាន ៧ប្រភេទកីឡា និងចែកចេញជា ១០៩វិញ្ញាសាសរុប៕