(ឡុងដ៍)៖ ក្លិប Arsenal បានស្នើសុំលីគ Premier League ដើម្បីពន្យារពេលការប្រកួត នៅភាគខាងជើងទីក្រុង London ដែលត្រូវប៉ះក្រុម Tottenham Hotspur នាថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារពួកគេខ្វះកីឡាករ ព្រោះតែរកឃើញវិជ្ជមានកូវីដ១៩, រងរបួស និងកីឡាករមួយចំនួនទៀត បានចូលរួមប្រកួតពានរង្វាន់ Africa Cup of Nations, នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។

Premier League បានឲ្យដឹងថា ខ្លួននឹងធ្វើការសម្រេចចិត្ត នៅបញ្ហានេះ នៅថ្ងៃសៅរ៍។ ប្រសិនបើការប្រកួត ត្រូវបានពន្យារពេលនោះ, វានឹងក្លាយជាការប្រកួតក្នុងលីគ លើកទី២១ហើយ ដែលត្រូវបានពន្យារពេល នៅក្នុងរដូវកាលនេះ។

"ក្រុមប្រឹក្សា Premier League នឹងជួបប្រជុំ ដើម្បីត្រួតពិនិត្យ លើសំណើរ ហើយនឹងបញ្ជាក់ប្រាប់ក្លិបទាំងពីរ និងអ្នកគាំទ្ររបស់ពួកគេ អំពីការសម្រេច", នេះបើតាមលីគ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

Arsenal ឈរនៅលំដាប់ទី៥ ក្នុងតារាង ដោយមាន៣៥ពិន្ទុ ពី២០ប្រកួត, ២ពិន្ទុលើក្រុមលំដាប់ទី៦ Tottenhams។

កាលពីថ្ងៃសុក្រ, Premier League បានពន្យារពេល ការប្រកួតរបស់ Burnley ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ះក្រុមភ្ញៀវ Leicester City ដោយសារម្ចាស់ផ្ទះខ្វះកីឡាករ៕