(រ៉ូម)៖ លោក Andriy Shevchenko ត្រូវបានដកចេញពីតំណែង ជាគ្រូបង្គោលក្លិប Genoa ក្រោយរយៈពេលជាង២ខែ បន្ទាប់ពីឡើងកាន់តំណែង, នេះបើតាមការប្រកាសពីក្លិប ដែលកំពុងប្រឹងប្រែងតស៊ូ ពីការកាត់ចេញពីលីគ Serie A របស់អ៊ីតាលី នាថ្ងៃសៅរ៍នេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា អតីតអ្នកចាត់ការសញ្ជាតិអ៊ុយក្រែនរូបនេះ បានចុះកិច្ចសន្យា រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤, ប៉ុន្តែលទ្ធផលបរាជ័យ ក្នុងម៉ោងបន្ថែម នៃការប្រកួតប៉ះនឹងអតីតក្លិបរបស់លោក AC Milan ក្នុងលីគ Coppa Italia កាលពីថ្ងៃព្រហស្បតិ៍ គឺជាការដឹកនាំចុងក្រោយរបស់លោក បន្ទាប់ពីទម្រង់លេងដ៏ខកចិត្ត។

អតីតខ្សែការពារក្លិប Genoa លោក Abdoulay Konko ត្រូវបានដំឡើងតួនាទី ពីដឹកនាំក្រុមយុវជន ឡើងទៅដឹកនាំក្រុមជម្រើសដំបូង ជាបណ្តោះអាសន្ន ដោយមានលោក Roberto Murgita ជាជំនួយការ។

ការប្រកួតខាងមុខរបស់ក្លិប Genoa គឺត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Fiorentina ក្នុងលីគ Serie A នាល្ងាចថ្ងៃចន្ទសប្តាហ៍ក្រោយ៕