(ភ្នំពេញ)៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានសន្យារចំពោះមុខសមាគម/ក្លិបទាំងអស់ថា នឹងធ្វើទីលានយ៉ាងហោច ៤តារាងក្នុងមួយខេត្ត ឬសរុបប្រមាណ ១០០តារាងជូនដល់គ្រប់ ២៥រាជធានី-ខេត្ត ដែលនឹងធ្វើឲ្យបានរួចរាល់ក្នុងឆ្នាំ២០២២ នេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

ការអះអាងរបស់ប្រមុខសហព័ន្ធខាងលើ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដដែលបានបញ្ជាក់ថា រាល់ការងារបច្ចេកទេស ពិសេសសម្ភារៈ ដែលខ្វះខាតសហព័ន្ធ នឹងធ្វើការពិនិត្យ និងដោះស្រាយជូនសមាគម/ក្លិបជាសមាជិក តែការងារដ៏សំខាន់ ដែលសហព័ន្ធចាំបាច់ត្រូវធ្វើក្នុងឆ្នាំនេះ គឺលោកប្ដេជ្ញាចិត្តនឹងធ្វើទីលានប៉េតង់ឲ្យបានយ៉ាងតិច ៤តារាងក្នុងខេត្តនីមួយៗ ។

លោកថា «ខ្ញុំសូមបញ្ជាក់ថា ជារួមខ្វះខាតសម្ភារៈអ្វីៗទាំងអស់ ខ្ញុំនឹងពិនិត្យមើល តែដោយឡែកការងារមួយ ដែលខ្ញុំត្រូវការចាំបាច់ ជាគោលការណ៍របស់សហព័ន្ធ ហើយក្នុងនោះខ្ញុំតាំងចិត្តថា ក្នុងមួយឆ្នាំនេះ នឹងធ្វើឲ្យបានយ៉ាងតិច ៤តារាង ក្នុងខេត្តនីមួយៗ ចឹងបើបូកសរុបទៅប្រហែលជា ២៥រាជធានី-ខេត្ត ប្រហែលជា ១០០តារាង»

ទន្ទឹមជាមួយការសន្យានេះ លោក ស សុខា បានសំណូមពរឲ្យសម្ព័ន្ធ សមាគម និងក្លិបនីមួយៗ ត្រូវចូលរួមសហការ និងធ្វើការស្នើសុំ ពិសេសត្រូវមានការឯកភាពផ្ទៃក្នុងជាមុន ក្នុងការសម្រេចជ្រើសរើសទីតាំងធ្វើ ដ្បិតសហព័ន្ធផ្ដល់សិទ្ធឲ្យសមាគម/ក្លិប គឺជាអ្នកសម្រេចរើសទីតាំង ចៀសវាងមានការប្រទាំងប្រទើសគ្នា ចុងក្រោយធ្វើការអត់ចេញ។

លោកបានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ដ្រីជំនាញ ធ្វើការសិក្សាឲ្យបានល្អិតល្អន់ ដើម្បីជំរុញផែនការនេះឲ្យលេចចេញជារូបរាងបានឆាប់ៗរហ័ស ហើយត្រូវសិក្សាលើស្ដង់រួមមួយ ទាំងទីលាន និងខ្ទង់ចំណាយ ។ លោកសង្កត់ធ្ងន់ថា «ខ្ញុំតាំងចិត្តយ៉ាងយូរក្នុងមួយឆ្នាំធ្វើឲ្យហើយក្នុង ២៥រាជធានី-ខេត្ត ។ ខ្ញុំគិតថា បើយើងខិតខំមែនទែន អាចត្រឹមខែសីហា ឬខែកញ្ញា យើងអាចរួចរាល់អស់ហើយ ។ តែសូមឲ្យមានការលើកគម្រោងច្បាស់លាស់...»

គួរដឹងថា ផែនការសាងសង់ទីលានដល់គ្រប់រាជធានី-ខេត្តនេះ ដូចគ្នាទៅនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលធ្វើទីលានស្ដង់ដារមួយដល់គ្រប់រាជធានី-ខេត្ត តែសម្រាប់កីឡាប៉េតង់ គឺធ្វើយ៉ាងតិច ៤តារាងក្នុងខេត្តនីមួយៗ ។ ហើយបើសិនក្នុងមួយឆ្នាំធ្វើបាន ៤តារាង អាច ២ ឬ ៣ឆ្នាំក្រោយ នឹងកើនដល់បួនដប់ម្ភៃតារាងក្នុងមួយខេត្តជាក់ជាមិនខាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រធានសហព័ន្ធលោក ស សុខា៕