(ភ្នំពេញ)៖ គំនូរឧស្សាហកម្ម ត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ពីសំណាក់ម្ចាស់អាជីវកម្ម ឬបុគ្គលដែលមានភាពប៉ិនប្រសប់ក្នុងការស្រាវជ្រាវ ស្វែងរកនូវអ្វីដែលថ្មីៗមានលក្ខណៈពិសេស ប្លែក ទាក់ទាញ ដើម្បីទាញយកចំណាប់អារម្មណ៍ពីមហាជន ហើយគំនូរឧស្សាហកម្ម ត្រូវបានគេដឹងថា គឺជាផ្នែកមួយផ្សេងទៀតរបស់កម្មសិទ្ធិបញ្ញា ដែលទទួលបានការការពារទៅលើភាពថ្មីនៃរូបរាងពិសេសរបស់ផលិតផល។ ក្រោយពីបានបង្កើតស្នាដៃរួច ដើម្បីអាចជៀសវាងនូវការព្រួយបារម្ភថា នឹងមានការរំលោភបំពាននូវអ្វីដែលខ្លួនបានបង្កើត គឺតម្រូវឱ្យម្ចាស់គំនូរឧស្សាហកម្ម ត្រូវយកគំនូរនោះទៅចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីទទួលបានការការពារ និងទទួលស្គាល់នូវកម្មសិទ្ធិបញ្ញាស្របច្បាប់។

តើអ្វីទៅជាគំនូរឧស្សាហកម្ម? សម្រាប់សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «គំនូរឧស្សាហកម្ម» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

យោងតាមមាត្រា ៨៩ នៃច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម បានបញ្ញត្តិថា គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ ទោះបីជាមាន ឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឱ្យតែការផ្គុំទម្រង់ ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។

គំនូរឧស្សាហកម្មដែលអាចធ្វើការចុះបញ្ជីបាន គឺត្រូវតែថ្មី ហើយដែលអាចចាត់ទុកថាថ្មី ទាល់តែគំនូរឧស្សាហកម្មនោះ មិនទាន់បានបញ្ចេញឱ្យដឹងដល់សាធារណជននៅទីកន្លែងណាមួយនៅលើពិភពលោក មុនកាលបរិច្ឆេទសុំចុះបញ្ជី ឬមុនកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំ តាមរយៈមធ្យោបាយផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្ដែង ឬតាមរយៈការប្រើប្រាស់ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត។

បន្ថែមពីនេះ ច្បាប់ក៏បានបញ្ញត្តិផងដែរ ចំពោះករណីលើកលែងដែលមិនត្រូវចាត់ទុកថា ជាការដឹងដល់សាធារណជន រួមមានដូចខាងក្រោម៖

១៖ ការដឹងដល់សាធារណជន នូវគំនូរឧស្សាហកម្មដែលបានកើតឡើងក្នុងអំឡុងពេល ១២ (ដប់ពីរ) ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ។

២៖ ការធ្វើឱ្យលេចឮខ្ចរខ្ចាយព័ត៌មានអំពីគំនូរឧស្សាហកម្ម តាមរយៈអ្នកដាក់ពាក្យស្នើសុំ តាមរយៈអ្នកស្នងរបស់បុព្វជន ឬតាមរយៈការរំលោភបំពានរបស់ភាគីទីបី ទៅលើអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វជនដែលបណ្ដាលឱ្យលេចឮខ្ចរខ្ចាយព័ត៌មាននេះ។

ជាមួយគ្នានេះផងដែរ ច្បាប់ក៏បានបញ្ញត្តិហាមឃាត់នូវគំនូរឧស្សាហកម្មមួយចំនួន ដែលមិនអនុញ្ញាតឱ្យចុះបញ្ជីដូចជា គំនូរឧស្សាហកម្មដែលផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ ឬសីលធម៌ ហើយច្បាប់ក៏មិនបានការពារផ្នែកណាមួយនៃគំនូរឧស្សាហកម្ម ដែលបម្រើឱ្យក្នុងគោលបំណងសម្រាប់តែទទួលបាននូវលទ្ធផលបច្ចេកទេស និងដែលផ្នែកនោះមិនមានរូបរាងច្បាស់លាស់។

ចំពោះរយៈពេលការពារនៃគំនូរឧស្សាហកម្ម៖

* ការចុះបញ្ជីគំនូរឧស្សាហកម្មមានសុពលភាព ០៥ (ប្រាំ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ។
* ការចុះបញ្ជីសាឡើងវិញអាចធ្វើបានចំនួន ០២ (ពីរ) ដងជាប់ៗគ្នា ដែលម្តងៗមានសុពលភាព ០៥ (ប្រាំ) ឆ្នាំ សរុបសុពលភាពនៃការការពារគឺចំនួន ១៥ (ដប់ប្រាំ) ឆ្នាំ ជាមួយនឹងការបង់កម្រៃបន្តសុពលភាព។

ក្នុងនោះផងដែរ សិទ្ធិដែលម្ចាស់គំនូរឧស្សាហកម្មត្រូវទទួលបានគឺ សិទិ្ធចំបង ហៅថាសិទ្ធិផ្ដាច់មុខ ដែលទទួលបានពីការចុះបញ្ជីគំនូរឧស្សាហកម្ម គឺជាសិទិ្ធក្នុងការទប់ស្កាត់ ហាមឃាត់បុគ្គលដទៃ ពីការធ្វើអាជីវកម្មលើគំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួច។ ការធ្វើអាជីវកម្ម មានន័យថា ការផលិត ការលក់ ឬការនាំចូលវត្ថុទាំងឡាយដែលបង្កើតឡើងដោយគំនូរឧស្សាហកម្មនោះ ហើយការរំលោភបំពាននូវគំនូរឧស្សាហកម្ម កើតឡើងនៅពេលដែលគំនូរឧស្សាហកម្មដែលបានចុះបញ្ជី ត្រូវបានធ្វើអាជីវកម្មដោយបុគ្គលដទៃ និងដោយគ្មានការព្រមព្រៀងពីម្ចាស់ដែលបានទទួលសិទិ្ធការពារ។

បុគ្គលណាដែលបានរំលោភបំពាននូវកម្មសិទ្ធិបញ្ញានេះ ត្រូវទទួលទោសព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលានរៀល) ទៅ ២០.០០០.០០០ (ម្ភៃលានរៀល) ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ឬត្រូវផ្តន្ទាទោសទាំងពីរ។ ក្នុងករណីមិនរាងចាលក្នុងរយៈពេលប្រាំ (៥) ឆ្នាំ គិតចាប់ពីពេលផ្តន្ទាទោសលើកមុន ត្រូវផ្តន្ទាទោសទ្វេដង។

សរុបមក ដើម្បីការពារនូវគំនូរឧស្សាហកម្មដែលជាស្នាដៃរបស់ខ្លួនបាន សិប្បករ ផលិតករ ឬម្ចាស់គំនូរ ចាំបាច់ត្រូវយកគំនូរដែលខ្លួនបានបង្កើតឡើង ទៅចុះបញ្ជីគំនូរឧស្សាហកម្ម នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជៀសវាងនូវការរំលោភបំពានទាំងឡាយ និងការប្រើប្រាស់នូវគំនូរដែលជាស្នាដៃបង្កើតឡើងរបស់ខ្លួនដោយគ្មានការអនុញ្ញាត។

រៀបរៀងដោយ៖ លោកមេធាវី ឡាន សÏនីត និងលោកស្រី យ៉េ នីតា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕