(អាមេរិក)៖ Android OS បច្ចុប្បន្នបានក្លាយជាប្រព័ន្ធដំណើរការដែលពេញនិយម និងមានប្រជាប្រិយភាពខ្លាំងជាងគេបំផុតនៅក្នុង ពិភពលោក។ បើគិតត្រឹមខែឧសភា ឆ្នាំ២០២១ មានទូរស័ព្ទដៃដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ជាប្រចាំថ្ងៃមាន ចំនួន ៣ពាន់ លានគ្រឿង និងមានក្រុមហ៊ុនផលិតស្មាតហ្វូនស្ទើរតែទាំងអស់បានប្រើប្រាស់ប្រព័ន្ធដំណើរការមួយនេះ លើកលែកតែង iPhone របស់ Apple ប៉ុណ្ណោះ។

តើលោកអ្នកដឹងថាទេថា ស្មាតហ្វូនរបស់ក្រុមហ៊ុនណា ដែលបានប្រើប្រាស់ប្រព័ន្ធដំណើរការ Android មុនគេ?

យោងតាមឯកសារ និងការចេញផ្សាយរបស់សារព័ត៌មាន CNet បានបញ្ជាក់ឱ្យដឹងថា ទូរស័ព្ទដៃម៉ូដែល HTC Dream (ភាគច្រើនគេស្គាល់ T-Mobile G1) របស់ក្រុមហ៊ុន HTC ជា ស្មាតហ្វូនដំបូងគេបំផុតដែលបានប្រើប្រាស់ប្រព័ន្ធដំណើរការ Android មុនគេអង្អស់ និងបានដាក់ចេញឱ្យប្រើជាផ្លូវការនៅខែតុលា ឆ្នាំ២០០៨។

T-Mobile G1 ជាស្មាតហ្វូនមួយដែលបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនផលិតទូរស័ព្ទ HTC និងក្រុមហ៊ុនផ្ដល់សេវាកម្ម ទូរស័ព្ទដ៏ល្បី របស់អាមេរិក T-Mobile។ វាប្រើប្រាស់ស៊ីមកាតជាប្រភេទ Mini-Sim និងមានប៊ូតុងចុចជាប្រភេទ QWERTY ដែលជំនាន់នោះប៊ូតុងចុច ប្រភេទនេះមានការពេញនិយមបំផុត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Android Inc ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ ដោយមានសហស្ថាបនិកចំនួនបួនរូបគឺ Andy Rubin, Rich Miner, Nick Sears និង Chris White។ នៅក្នុងឆ្នាំ២០០៥ លោក Andy Rubin បានជួបចរចាជួយនឹង ក្រុមហ៊ុន Samsung និង HTC ក្នុងការលក់ក្រុមហ៊ុន ប៉ុន្តែក្រោយមកសម្រាប់ ក្រុមហ៊ុន Google បានទិញយក Android ក្នុងតម្លៃ ៥០លានដុល្លារអាមេរិក ដែលជា កិច្ច ព្រមព្រៀងទិញលក់មួយមានតម្លៃខ្ពស់បំផុតកាលពីជំនាន់នោះ៕