(មេនឆេស្ទើ)៖ Manchester City ដែលជាក្រុមការពារតំណែងជើងឯក Premier League ផងនោះ បានបន្តនាំមុខដាច់ ១៣ពិន្ទុពីចំណាត់ថ្នាក់កំពូលតារាង នៅពេលយកឈ្នះក្រុមលេខ២ តោខៀវ Chelsea ១-០ នៅរាត្រីថ្ងៃសៅរ៍សម្រាប់ជើងទី២ ក្នុងសប្តាហ៍ទី២២ របស់ពួកគេ។

City ក៏បានយកឈ្នះក្រុមរបស់លោក Thomas Tuchel ១-០ នៅទឹកដី Stamford Bridge កាលពីជើងទី១ ផងដែរ។

ខ្សែបម្រើដូចគ្នា Joao Cancelo ជាអ្នកបញ្ជូនបាល់ឲ្យ Kevin de Bruyne ស៊ុតបញ្ចូលទីបានសម្រេចនៅខ្វះ ២០នាទីដល់ម៉ោងចប់ការប្រកួតនៅកីឡដ្ឋាន Etihad និងជាគ្រាប់ទី៦ របស់គេផងដែរក្នុងលីគរបស់កីឡាករអន្តរជាតិប៊ែលហ្សិកខាងលើនារដូវកាលនេះជាមួយ Man City។

Chelsea ក៏មានឱកាសផងដែរក្នុងតង់ទី២ ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Romelu Lukaku តែត្រូវបានអ្នកចាំទី Ederson ជួយសង្រ្គោះបាន នៅមុនពេល De Bruyne ធ្វើបានសម្រេចដើម្បីរក្សាប្រវត្តិលេងមិនចាញ់តោខៀវនារដូវកាលឆ្នាំ២០២១-២០២២ និងបន្ថែមការនាំមុខ ១៣ពិន្ទុពីពិន្ទុសរុប ៥៦ពិន្ទុ និងនាំក្រុមលេខ៣ Liverpool ១៤ពិន្ទុផងដែរ ដ្បិតហង្សក្រហមទើបលេងបាន ២០ប្រកួត៕