(លីវើភូល)៖ Philippe Coutinho បានពោលពាក្យថានឹក Premier League នៅថ្ងៃបានបង្ហាញខ្លួនលើកដំបូងក្នុងក្លិបថ្មី Aston Villa នាយប់មិញនេះ។

ខ្សែបម្រើអន្តរជាតិប្រេស៊ីលខាងលើបានចាកចោលទ្រនំចាញ់ Liverpool ទៅចូលរួមជាមួយក្លិបអេស្ប៉ាញ FC Barcelona កាលឆ្នាំ២០១៧ ជាមួយតម្លៃបំបែកកំណត់ត្រា ១៤២លានផោន មុនពេលផ្ទេរជាលក្ខណៈខ្ចីជើងជាមួយ Villa វិញរហូតដល់ចប់រដូវកាលនេះ។

Coutinho ដែលបានចូលលេងក្នុងជំនួប Aston Villa លេងស្មើទល់នឹង Manchester United ២-២ នៅទឹកដី Villa Park និងបានស៊ុតតាមស្មើផងនោះបានថ្លែងប្រាប់ Sky Sports ក្រោយចប់ការប្រកួតថា «ខ្ញុំបាននឹកការប្រកួតនៅ Premier League ណាស់។ វាជាការចាប់ផ្តើមដ៏ល្អ និងសង្ឃឹមថាធ្វើបានល្អរហូតដល់ចប់រដូវកាលនេះផងដែរ។ ស្ថានភាពខ្លះមានឡើង មានពេលខ្លះចុះ តែនោះជាអតីតកាលទេ។ ខ្ញុំមកទីនេះ គឺផ្តោតលើគោលដៅរបស់ក្លិប និងអ្នកចាត់ការ ដោយចង់ធ្វើការងារដ៏ល្អបំផុតជាមួយមិត្តរួមក្រុម និងក្លិបនេះ»

សារព័ត៌មាន BBC បានចុះផ្សាយថា Barcelona បានចំណាយលុយដ៏ច្រើនក្រាស់ក្រែល ដើម្បីទិញ Coutinho យកទៅជំនួសកន្លែងខ្សែប្រយុទ្ធ Neymar ក្រោយពេលកីឡាករប្រេស៊ីលដូចគ្នាផ្ទេរទៅចូលរួមជាមួយ Paris Saint Germain របស់បារាំងនៅឆ្នាំនោះដែរ តែរូបគេធ្វើមិនបានល្អឡើយ និងញាំញីដោយបញ្ហារបួសផងនោះ រហូតត្រូវបញ្ជូនទៅលេងនៅអាល្លឺម៉ង់ក្នុងក្លិបខា្លរខិន Bayern Munich ១រដូវកាលទៀតផង ក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា៕