(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានផ្ដល់នូវអនុសាសន៍ ៦ចំណុច ដើម្បីពង្រឹងសក្ដានុពលរបស់កីឡាការ៉ាតេកម្ពុជាបន្ថែមទៀតនៅលើឆាកអន្ដរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការចង្អុលបង្ហាញរបស់ប្រមុខថ្នាក់ដឹកនាំកីឡាការ៉ាតេកម្ពុជានេះ ក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ខណៈឧបនាយករដ្ឋមន្ដ្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី រួមទាំងគណៈកម្មការបច្ចេកទេសក្នុងការប្រកួត ៣កន្លងមក។

ឧបនាយករដ្ឋមន្ដ្រីបានថ្លែងថា ការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែជួយលើកកម្ពស់ សុខភាព បង្កើនមិត្តភាព និងសាមគ្គីភាពរវាងអ្នកហាត់ការ៉ាតេប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងច្រើនក្នុងការវាស់ស្ទង់កម្រិតបច្ចេកទេសកីឡាករ-កីឡាការិនី និងផ្ដល់ឱកាសឲ្យគ្រូបង្វឹក អាចជ្រើសរើសកីឡាករឆ្នើមសម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានាទៀតផង។

ដូច្នេះក្នុងនាមប្រធានសហព័ន្ធ លោកបានស្នើឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា និងបង្កើនភាពស្និទ្ធស្នាល ក្នុងការលេងកីឡាការ៉ាតេឲ្យបានខ្លាំងក្លា ប្រកបដោយឆន្ទៈមុះមុតបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ដ្រ។

បន្ថែមលើនេះ ដើម្បីពង្រឹងសក្ដានុពលកីឡាការ៉ាតេលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខឲ្យទទួលបានជោគជ័យ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់នូវអនុសាសន៍ ៦ចំណុចរួមមាន៖

១-បន្ដពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការផ្ទៃក្នុងគ្រួសារការ៉ាតេ ឲ្យបានកាន់តែជិតស្និទ្ធ និងរឹងមាំ ពិសេសបង្កើតសុខុដុមនីយកម្មគ្រប់សមាជិក និងអ្នកស្រលាញ់កីឡាការ៉ាតេទាំងអស់ ដោយគ្មានការរើសអើង។
២-បន្ដគោរពដល់ឧត្តមការ៉ាតេចារ្យ ក៏ដូចជាគ្រូបង្វឹកការ៉ាតេរៀមច្បងទាំងអស់ ដើម្បីបង្ហាញពីគុណធម៌កីឡាការ៉ាតេកម្ពុជាដល់សង្គមជាតិ។
៣-ត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងការបង្កើតគុណផលកីឡាការ៉ាតេឲ្យដល់កម្រិតខ្ពស់ ឈានទៅរកជយលាភីពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយភាពជឿជាក់។
៤-ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEAKF-Championship លើកទី៩ ដែលនឹងប្រព្រឹត្ដទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២២២ ឲ្យបានរលូនល្អ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងភាពជោគជ័យ។
៥-ពេវេលាស៊ីហ្គេម ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ដូច្នេះឆ្នាំ២០២២ នេះគឺជាឆ្នាំដ៏សំខាន់ ដែលយើងត្រូវធ្វើឲ្យប្រាកដប្រជាគ្រប់មុខងារទទួលខុសត្រូវ ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ដ្រយកប្រៀបឈ្នះ និងជយលាភីជូនសហព័ន្ធ និងជូនជាតិមាតុភូមិរបស់យើង។
៦-សូមថែទាំអគារទីស្នាក់ការរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលត្រូវបានសាងសង់រួចរាល់នេះឲ្យភាពរឹងមាំ សោភណ្ឌភាព និងអនាម័យល្អ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ក្នុងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២២៧នាក់ មកពី ២៤សមាគម/ក្លិប ដែលធ្វើការប្រកួតលើវិញ្ញាសាចំនួន ៣៧។ ជាលទ្ធផលក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២១គ្រឿង (មាស ១១, ប្រាក់ ៦ និងសំរឹទ្ធ ៤), ក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៦គ្រឿង (មាស ៨ ប្រាក់ ២ និងសំរឹទ្ធ ៦) និងក្លិបការ៉ាតេហនុមាន ឈរលេខ៣ ឈ្នះមេដាយសរុប ១៩គ្រឿង (មាស ៤, ប្រាក់ ៧ និងសំរឹទ្ធ ៨)៕