(ភ្នំពេញ)៖ ក្នុងការធ្វើឲ្យអាជីវកម្មមួយជោគជ័យ មិនមែនងាយស្រួលដូចការគិត និងមិនមែនប្រើត្រឹមរយៈពេលខ្លី អាចធ្វើទៅបាននោះទេ អាជីវកម្មខ្លះ ក៏ត្រូវការ ចំណាយពេលវេលាយ៉ាងយូរ ហើយមិនប្រាកដថា ទទួលបានលទ្ធផលល្អដូចជាការគិតទេ លុះត្រាអ្នកមានការតាំងចិត្ត តស៊ូ ព្យាយាម អត់ធ្មន់ ជំនះគ្រប់ឧបសគ្គ ទើបឈានទៅដល់គោលដៅបាន។

បើក្រឡេកមកមើលពីការតស៊ូរបស់ស្រ្តីម្នាក់ ដែលខិតខំប្រឹងប្រែង ពីមុខរបរខ្នាតតូច រហូតឈានដល់បើកហាង និងបានពង្រីក សាខាលក់របស់ខ្លួន ដល់ទៅជិត៥០ទីតាំងទូទាំងប្រទេស ដែលអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់នោះ គឺម្ជូរវត្តភ្នំ១៦៨ ដែលមានលោកស្រី លាភ ដាណេ ជាម្ចាស់អាជវកម្មផ្ទាល់។

បើនិយាយឲ្យចំទៅ គឺជាជំនាញតាំងពីក្មេង និងការចូលចិត្តលក់ដូរ ដែលពីដំបូងឡើយកាលពីអាយុជា៩ឆ្នាំ គឺគ្រាន់តែដើរទូលលក់ធម្មតា លុះក្រោយមក ដល់ពេលមានគ្រួសារ ក៏ពង្រីកការលក់នោះ ឲ្យកាន់តែធំបន្តិចម្តងៗ ហើយក៏មានឈ្មោះ ម្ជូរវត្តភ្នំ១៦៨ ឡើងដើម្បីឲ្យអតិថិជនងាយស្រួល ក្នុងការចងចាំ។

លោកស្រី លាភ ដាណេ បានរៀបរាប់ថា ក្នុងរបរលក់ម្ជូរវត្តភ្នំ១៦៨ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយការចាប់ផ្តើមអាជីវកម្មដំបូងនោះ នៅអំឡុងឆ្នាំ២០១២ ដោយពីដំបូងឡើយ គឺដាក់លក់ ជាម្ជូរតូចតាចលក្ខណៈគ្រួសារ ជាគ្រែតូចមួយ ជួលផ្ទះគេ មួយខែ៨០ដុល្លារ ដោយទទួលបានការគាំទ្រច្រើន ធ្វើឲ្យការលក់កាន់តែដាច់ ហើយចំនួននៃការលក់ក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មុខរបរមួយនេះ កាន់តែឈានទៅមុខ ម្ចាស់ផ្ទះក៏បានឡើងថ្លៃដល់១៨០ដុល្លារ ព្រោះត្រូវពង្រីក ទូដាក់លក់បន្ថែម។

លោកស្រីបន្ថែមថា «ពិតជាមានការលំបាក នៅពេលដែលយើងលក់ដាច់ ចាប់ផ្តើមខ្លាចម្ចាស់ផ្ទះគេឈប់ជួលទីតាំងឲ្យ ហើយតម្លៃនៃការជួលផ្ទះ ក៏កាន់តែឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ជួលមុខផ្ទះគេពីតំលៃ៨០ដុល្លារ រហូតដល់ជិត១០០០ដុល្លារ ក្នុងមួយខែ»

បើទោះបីត្រូវ ចំណាយពេលពេញមួយថ្ងៃ ដោយថ្ងៃខ្លះក៏មិនសម្រាក ដែលតម្រូលឲ្យឡើងទៅយកទំនិញ ក្នុងមួយថ្ងៃបីដង រហូតដល់ម៉ោង៣-៤ភ្លឺក៏មាន ក៏ស្រ្តីម្នាក់នេះ មិនដែលរួញរា ព្រោះជាមុខរបរដែលខ្លួនស្រលាញ់។ ហើយការតស៊ូមួយ បានធ្វើឲ្យលោកស្រី ទទួលបានជោគជ័យ ដោយបច្ចុប្បន្ន លោកស្រីមានផ្ទះផ្ទាល់ខ្លួនហើយ គឺជាទីតាំងពិតប្រាក មិនផ្លាស់ប្តូរទៅណាទៀតទេ។

លោកស្រីបានបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យអាជីវកម្មម្ជូរវត្តភ្នំ១៦៨ អាចឈរជើងបានរហូតមកអស់រយៈពេលជាង១០ឆ្នាំនេះ គឺពិតជាឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន ហើយចំណុចដែលពិសេសនោះ គឺគ្រឿងជ្រលក់ ដែលមានរស់ជាតិប្លែកច្រើនមុខ ដែលកើតចេញពីការឆ្នៃផ្ទាល់ ក្នុងការបង្កើនរសជាតិបន្ថែមទៅលើម្ជូរ និងធ្វើឲ្យ មានការចូលចិត្តកាន់តែច្រើនឡើងៗ។ ធ្វើឲ្យការលក់ សម្រាប់តែទីតាំងនៅវត្តភ្នំ ក្នុងមួយថ្ងៃអាចលក់បាន ចាប់ពី១តោន ទៅ២តោន ទៅតាមរដូវកាលផងដែរ។

រហូតមកដល់បច្ចុប្បន្ន ម្ជូរវត្តភ្នំ១៦៨ បានចែកជាសាខា នៅទូទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស មានចំនួនជិត៥០សាខាហើយ ដោយលោកស្រី បានឲ្យដឹងពីគោលការណ៍នៃការជ្រើសរើស ឲ្យក្លាយជាតំណាងសាខា របស់ម្ជូរវត្តភ្នំ១៦៨ គឺមិនមែនចេះតែយកៗនោះទេ អ្នកដែលត្រូវចូល ជាតំណាងសាខា ត្រូវតែជាអ្នកដែល ចេះតស៊ូ ព្យាយាម អត់ធ្មត់ ស្រលាញ់មុខរបស់របស់ខ្លួន ជាពិសេសលោកស្រី ក៏បានជំរុញដល់ស្រ្តីមេផ្ទះ ដែលមានបំណង ចង់បង្កើនប្រាក់ចំណូល ចូលគ្រួសារ។

ដោយបានទទយលជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន និងជាខួបគម្រប់១០ឆ្នាំ នៃអាជីវកម្មផងនោះ ម្ចាស់អាជីវកម្ម ម្ជូរវត្តភ្នំ១៦៨ បានរៀបចំកម្មវិធីមួយ ដល់ម្ចាស់សាខា នានាទូទាំងប្រទេស ធ្វើយ៉ាងណាដើម្បីបង្កើនចំណូល បង្កើនអតិថិជន ផ្តល់ទំនុបចិត្តដល់អតិថិជន និងការរក្សាអតិថិជន ឲ្យកាន់តែច្រើនឡើង។

«យុទ្ធសាស្រ្ត និងវិធីសាស្រ្តជំរុញការលក់ឲ្យច្រើនទ្វេដង» គឺជាប្រធានបទមួយ របស់លោកស្រី លាភ ដាណេ ម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨ លើកយកមកចែករំលែកដល់ សាខាម្ជូរវត្តភ្នំ១៦៨ ទាំងជិត៥០ទីតាំង ទូទាំងទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេស៕