(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Prince Beer Pre-Season Cup 2022 បានធ្វើការចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែមករាចុងសប្ដាហ៍នេះ រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

ចំពោះលទ្ធផលនៃការចាប់ឆ្នោតដែលមានក្រុមខ្លាំងៗ ៦ក្រុមចូលរួមរួមមានពូល A គឺមានក្រុមជើងឯកលីគកំពូលកម្ពុជា ៧សម័យភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ និងក្រុមគិរីវង់សុខសែនជ័យ។ រីឯពូល B មានក្រុមខ្លាំងវិសាខា បឹងកេត និងខេត្តព្រៃវែង។ ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ពានលក្ខណៈ Pre-Season នេះ?

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានគណ:កម្មការប្រតិបត្តិរៀបចំ និងគ្រប់គ្រងការប្រកួត បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៦ ខែមករាថា ពានរង្វាន់នេះ រៀបចំឡើងក្នុងគោលបំណងតែមួយគត់ គឺរួមចំណែកជាមួយក្លិបនីមួយៗ ក្នុងការរៀបចំខ្លួន និងត្រៀមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ ពិសេសគឺការផ្ដល់ឱកាសសម្រាប់កីឡាករវ័យក្មេង និងសមាជិកថ្មីរបស់ក្រុមនីមួយៗជាដើម។

តាមរយៈការប្រកួត Pre-Season នេះ លោករំពឹងថា នឹងធ្វើឲ្យក្រុមចូលរួមទាំង ៦ បានត្រៀមលក្ខណៈសម្បតិ្តកាន់តែប្រសើរ ពិសេសក្រុមសមាជិកលីគកំពូលកម្ពុជា ដើម្បីត្រៀមការប្រកួតប្រជែងមួយថ្មី ក្រោមកំណែទម្រង់របស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ហើយលោកក៏សង្ឃឹមថា ការប្រកួតនេះនឹងក្លាយជាផ្នែកមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ខាងលើ នឹងប្រើប្រាស់ទីលាន២ ដើម្បីធ្វើការប្រកួត គឺកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានស្ដាតចាស់ ដោយប្រើរូបមន្ដវិលជុំ ហើយក្រុមក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងឡើងទៅប្រកួតខ្វែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះ នឹងបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ។

ចំពោះប្រាក់រង្វាន់ជយលាភី ក្រុមជើងឯកនឹងទទួលបាន ៣ពាន់ដុល្លារ ខណៈលេខ២ នឹងទទួលបាន ២ពាន់ដុល្លារ៕