(អាមេរិក)៖ លោកស្រី Celine Dion តារាចម្រៀងជើងចាស់ល្បីឈ្មោះរបស់កាណាដា ដែលជាម្ចាស់បទចម្រៀងល្បីៗជាច្រើនដូងជា បទ «My Heart Will Go On» និងបទ «The Power of Love» ជាដើមនោះ បានប្រកាសលុបចោលគម្រោងទៅប្រគំតន្រ្តីទេសចរណ៍នៅអាមេរិកខាងជើងភ្លាម ដោយសារតែបញ្ហាសុខភាពបន្ទាន់។ នេះបើការចេញផ្សាយរបស់សារព័ត៌មាន AFP។

បង្ហោះសារជាដំណឹងទៅកាន់អ្នកគាំទ្រ តាមរយៈបណ្តាញសង្គម Twitter លោកស្រី Celine Dion បានលើកឡើងថា លោកស្រីតែងតែរំពឹងថា ខ្លួននឹងប្រសើរឡើង និងបានចូលរួមកម្មវិធីប្រគំតន្រ្តីតាមការគ្រោងទុក ប៉ុន្តែពេលនេះទើបលោកស្រីដឹងថា ត្រូវការភាពអត់ធ្មត់បន្ថែម ត្បិតមានការបញ្ជាក់ថា លោកស្រីកំពុងមានបញ្ហាសុខភាព ។

សម្រាប់ការងារសិល្បៈរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ គឺបន្ទាប់ពីបានផ្អាកមួយរយៈពេលធំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ មក លោកស្រីគ្រោងនឹងចាប់ផ្តើមចេញសម្តែងឡើងវិញ តាមរយៈការប្រគំនត្ត្រីទេសចរណ៍នៅតាមប្រទេសនានាទូទាំងពិភពលោក ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១តទៅ ជាមួយនឹងការសម្តែងនៅ Las Vegas ប៉ុន្តែជាក់ស្តែងមិនបានធ្វើឡើងតាមការកំណត់នោះទេ ដោយសារតែលោកស្រីមានបញ្ហាសុខភាព ត្រង់សាច់ដុំ។ តារាស្រីរូបនេះរំពឹងថា នឹងបានសម្តែងឡើងវិញក្នុងអំឡុងខែមីនា ឆ្នាំនេះ ដែលមានរយៈពេល២ខែ ក្នុងការសម្តែងតន្រ្តីទេសចរណ៍នៅទូទាំងអាមេរិក និងកាណាដា ប៉ុន្តែពេលនេះ ស្រាប់តែលុបចោលតទៅទៀត ដោយសារសុខភាពលោកស្រីមិនអំណោយផល។

យ៉ាងណាមិញ អ្នកគាំទ្ររបស់តារាចម្រៀង Celine Dion បានបួងសួងឲ្យលោកស្រីឆាប់ជាសះស្បើយពីជំងឺ និងបានរំពឹងថា លោកស្រីនឹងត្រឡប់មកវិញ ក្នុងពេលឆាប់ៗ ក្រោយស្ថានភាពសុខភាពរបស់លោកស្រី ប្រសើរឡើងវិញ និងជាសះស្បើយ ខណៈតារារូបនេះ តែងតែរំពឹងថា ខ្លួននឹងអាចសម្តែងជូនអ្នកគាំទ្របានឆាប់ៗ ក្នុងពេលណាមួយខាងមុខនេះ៕