(អាមេរិក)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានបង្កើតក្រុមហ៊ុន Zip2 នៅឆ្នាំ១៩៩៥ និងបានលក់ចេញនៅឆ្នាំ១៩៩៩ ក្នុងតម្លៃ ៣០៧លានដុល្លារអាមេរិក ដោយក្នុងនោះលោកទទួលបានប្រាក់ ២២លានដុល្លារអាមេរិក ព្រោះលោកមានចំណែកត្រឹមតែ ៧ភាគរយ ប៉ុណ្ណោះនៃក្រុមហ៊ុនទាំងមូល។

តើលោកអ្នកចង់ដឹងទេថា លុយ ២២លានដុល្លារអាមេរិកនេះ លោក Elon Musk នឹងយកទៅធ្វើអ្វីបន្ត?

នៅឆ្នាំ១៩៩៩ លោក Elon Musk បានបង្កើតក្រុមហ៊ុនថ្មីមួយទៀតមានឈ្មោះថា «X.com» ដែលវាផ្ដល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធ អនឡាញ ឬអាចនិយាយបានថាវាជាធនាគារអនឡាញ។ ក្រុមហ៊ុនថ្មីមួយនេះ បានរួមបញ្ចូលជាមួយនឹង ក្រុមហ៊ុន ដៃគូប្រកួតប្រជែងដែលមាន ឈ្មោះថា Confinity។ ក្រោយពីរួមបញ្ចូលគ្នា ក្រុមហ៊ុនទាំងពីរបានប្ដូរឈ្មោះទៅជា «PayPal» ដែលល្បីឈ្មោះដល់សព្វថ្ងៃ។

នៅឆ្នាំ ២០០២ ក្រុមហ៊ុន «PayPal» ត្រូវបាន ក្រុមហ៊ុនលក់ទំនិញអនឡាញ eBay ទិញក្នុងតម្លៃ ១,៥ពាន់លានដុល្លារអាមេរិក ដោយក្នុង នោះលោក Elon Musk មានចំណែកហ៊ុន ១១,៧ភាគរយ និងទទួលបានប្រាក់ចំនួន ១០០លានដុល្លារអាមេរិក។

បន្ទាប់ពីនោះ លោក Elon Musk បានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Space Exploration Technologies Corp ឬហៅកាត់ថា SpaceX និងបានចូលឈានជើងចូលក្នុងក្រុមហ៊ុន Tesla នៅឆ្នាំ២០០៤ ក្នុងនាមជា ប្រធានក្រុមប្រឹក្សាភិបាល និង កាន់តំណែងជានាយកប្រតិបត្តិនៅឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន៕